ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ បាយក្តាំង ទឹកគោជល់ ស្ពៃកំប៉ុង សាប៊ូកក់សក់ ទឹកដោះគោក្រហម ជាច្រើនមុខខូចគុណភាពបន្លំដាក់លក់លើទីផ្សារ

កំពង់ស្ពឺៈ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ ដោយមានកិច្ចសហការពី មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះទៅធ្វើការអង្កេតទីផ្សារដែលស្ថិតក្នុងស្រុកឧត្តុង្គ ដែលមានដូចជា ផ្សារក្រាំងចេក និង ផ្សារបន្ទាយខ្មែរ ដោយយើងបានធ្វើការពិនិត្យទៅលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់ ។

ជាលទ្ធផល សមត្ថកិច្ចបានរកឃើញការដាក់តាំងលក់នូវផលិតផលដែលមានសភាពខុសប្រក្រតី និងបានធ្វើការដកហូតទៅតាមនីតិវិធីទុកសម្រាប់ធ្វើការកម្ទេចចោលរួមមាន ៖
– បាយក្តាំង ចំនួន ២.៥ គីឡូក្រាម
– ទឹកគោជល់ សរុប ១៤ គីឡូក្រាម
– ស្ពៃកំប៉ុង ចំណុះ ៥០០ ក្រាម ចំនួន ២ កំប៉ុង
– សាប៊ូកក់សក់ ៨ ដប ដែល ក្នុង ១ ដប ចំណុះ ១១០ មីលីលីត្រ
– ទឹកដោះគោក្រហម ចំណុះ ១០០ មីលីលីត្រ ចំនួន ៣ ដប
សរុបចំនួន ១៩.៣ គីឡូក្រាម ។

បន្ទាប់មក ពេលរសៀល ក្រុមការងារ ក៏បានចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនដល់សិស្សានុសិស្សនៅក្នុងវិទ្យាល័យ ចាន់ថ្នាល ស្ថិតក្នុងឃុំក្រាំងចេក ស្រុកឧត្តុង្គ ដោយមានការចូលរួម ពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈគ្រប់គ្រងសាលា សរុបជាង ៤០០ នាក់ ដោយយើងបានធ្វើការចែកជូននូវផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយ ចំនួន ៤០០ ផ្ទាំងផងដែរ ៕

មតិយោបល់