រតនគិរីៈ នៅវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៣០ ខែមីនាឆ្នាំ២០១៩ចំណុចការដ្ឋានស្រកានាគក្រុមហ៊ុនដូនពេញអាគ្រីកូ ស្ថិតនៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កើតឡើង ០១លើក បណ្តាលឱ្យស្លាប់មនុស្ស ០១នាក់(ប្រុស) របួសធ្ងន់ ០១នាក់(ប្រុស) របួសស្រាល ០១នាក់(ប្រុស)។
ជនរងគ្រោះទី១ឈ្មោះ វ៉ាត់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មក(ស្លាប់)។
ទី២ឈ្មោះ ភួង ភិន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មក (របួសធ្ងន់)។
ទី៣ឈ្មោះ ឡេន មករា ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មក(របួសស្រាល)។
ជនសង្ស័យឈ្មោះ ស៊ៈ យូសុះ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចាម មុខរបរ កម្មកក្រោយធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់។
អ្នកទាំង៤នាក់ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
មូលហេតុ: ផឹកស៊ីស្រវឹង ទាស់សម្ដីគ្នា
សមត្ថកិច្ចឲ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យមានគ្នា ០៤នាក់ ផឹកទឹកត្នោតជូរអស់ប្រាំលីត្រហើយក៏បានទាស់សម្តីគ្នា ទើបជនសង្ស័យយកដាវមកកាប់លើជនរងគ្រោះតែម្ដង។
ក្រោយបានទទួលព័ត៌មាន កម្លាំង នៃអធិការដ្ឋាន បានចុះដល់កន្លែងកើតហេតុ ពិនិត្យសាកសព រួចមកបានសន្និដ្ឋានថា ករណីនេះពិតជាករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ពិតប្រាកដមែន។
-វិធានការណ៍: បានដាក់កម្លាំង ធ្វើការពួនស្ទាក់ដើម្បីស្វែងរកជនសង្ស័យ សហការជាមួយគ្រួសារជនរងគ្រោះ បញ្ជួនជនរងគ្រោះទៅមន្ទីរពេទ្យ និងប្រគល់សាកសពជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ព័ត៌មានជាតិ
មតិយោបល់