ព័ត៌មានជាតិ

Updateៈ អ្នកដំណើរភ័យខ្លាចការបាក់ខ្លោងទ្វារបុណ្យទន្លេលើ ប្រសិនបើមានភ្លៀងនិងខ្យល់បក់មក!

កំពង់ឆ្នាំង: ករណីបាក់ខ្លោងទ្វារ បុណ្យទន្លេលើកទី ៥ នៅចំណុចផ្សារលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង០៥នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង ភ័យខ្លាច នៅពេលដែលធ្វើដំណើរក្រោមខ្លោងទ្វារ ដែលមិនទាន់ដួលរលំជាច្រើនទៀត ដែលកំពុងតែឈរបង្អួតរាងយ៉ាងសង្ហារ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី៣១ ខែមីនានេះផ្ទាល់តែម្តង មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារ ក្លោងទ្វារ រូបឆ្នាំង ដែលអាជ្ញាធរខេត្តបានធ្វើឡើងសម្រាប់អបអរសាទរបុណ្យទន្លេកន្លងមកជាច្រើនកន្លែង ធ្វើកាត់ទទឹងផ្លូវចំណុចមុខក្រុមហ៊ុនស្មាត ផ្លូវទៅផ្សារក្រោម បានបាក់សង្កត់រថយន្តតូយូតា មួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត បន្ទាប់ពីមានភ្លៀងលាយឡំជាមួយខ្យល់ ។

ក្នុងហេតុការនេះធ្វើឲ្យអ្នកធ្វើដំណើរឆ្លងកាត់ ក្នុងក្រុង មានការភ័យខ្លាចយ៉ាងខ្លាំង ទៅនិងខ្លោងទ្វារបុណ្យទន្លេទាំងអស់នេះ។

នេះជាខ្លោងទ្វារទី ៣ ហើយ ដែលធ្វើឲ្យមនុស្សរបួស និង ខូចខាតរថយន្ត ចាប់តាំងពីមុនបុណ្យទន្លេ រហូតមកដល់ពេលនេះ។

សូមបញ្ជាក់ផងដែរថា ខ្លោងទ្វាររូបឆ្នាំងធំៗដាក់កាត់ទទឹងផ្លូវនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំដើម្បីតាំងលំអរ តាំងពីមុនបុណ្យទន្លេមកម្ល៉េះ ដែលចំណាយថវិកាជាតិអស់រាប់ម៉ឺនដុល្លារ។
ប្រជាពលរដ្ឋបានចោទជាសំណួរថាពេលដែលមានគ្រោះថ្នាក់បែបនេះតើអ្នកណាជាអ្នកទទួលខុសត្រូវ?ចុះខ្លោងទ្វារ បាក់ចំមនុស្សកំពុងតែជិះម៉ូតូ ធ្វើដំណើរឬក៏ជិះកង់ រហូតដល់ស្លាប់បាត់បង់ជីវិត អាជ្ញាធរខេត្តជាអ្នកទទួលខុសត្រូវមែនដែរឬទេ?
ក្នុងខណ:ពេលដែលបង្គោលភ្លើងនិងបង្គោលផ្សេងៗ នៅក្នុងខេត្តកំពង់ឆ្នាំង បើមានរថយន្តណាបើកបុកធ្វើឲ្យខូចខាតគឺរដ្ឋបាលខេត្តកំពង់ឆ្នាំង តម្រូវឲ្យសងទៅតាមតំលៃតូចរឺធំ ហើយបើសមត្ថកិច្ចអាជ្ញាធរនៅតំបន់នោះចាប់រថយន្តបង្ករ មិនបានទេ គឺត្រូវចេញលុយខ្លួនឯងថែមទៀតផង។ ចុះពេលជួបគ្រោះថ្នាក់បែបនេះវិញអាជ្ញាធរគិតយ៉ាងដូចម្តេចដែរ?៕

 

មតិយោបល់