ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន! ផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទមួយចំនួន ត្រូវមន្ត្រីកាំកុងត្រូលរកឃើញ នៅខេត្តកោះកុង

កោះកុងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង ដោយទទួលការចូលរួម សហការពីសមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ផលិតផលម្ហូបអាហារ នៅផ្សារភូមិថ្មី ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង គោលដៅសំខាន់នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋម ទៅលើផលិតផលម្ហូបអាហារមួយចំនួនដូចជា៖
– ត្រួយល្ពៅ
– ផ្ទី
– សណ្តែកគួ
– ស្លឹកងប់
– ស្ពៃស
– សណ្តែកបណ្តុះ និងគ្រឿងសមុទ្រ (មឹក និងបង្គាស្រស់) ជាមួយគ្នានោះ មន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ និងដកហូតទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន យកមករក្សាទុកនៅសាខា ដើម្បីកម្ទេចចោលតាមនីតិវិធីច្បាប់ ទន្ទឹមនោះមន្ត្រីជំនាញ ក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ អាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់