ព័ត៌មានជាតិ

សង្ស័យរថយន្តដឹកដីបើកបុកម៉ូតូស្កុពី១គ្រឿង បណ្តាលឲ្យបុរស២នាក់ដួលរងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង១១និង២៧នាទីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង សង្ស័យរថយន្តប្រភេទដឹកដីមួយគ្រឿង បើកបុកម៉ូតូស្កុពី ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1IY-4895 បណ្តាលឲ្យបុរស២នាក់ អាយុប្រហែលជាង៣០ឆ្នាំរងរបួសធ្ងន់ បន្ទាប់ពីកើតហេតុជនរងគ្រោះបានដឹកបញ្ជូនទៅមន្ទីរពេទ្យម្លិះដង្កោ ទីតាំងនៅក្រោមស្ពានព្រែកសំរោង ស្ថិតក្នុងភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ យោងតាមរយ:ក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំទទួល បានជាព័ត៌មានបឋមថា នៅមុនពេលកើតហេតុ គេបានឃើញបុរសពីរនាក់ ជិះម៉ូតូស្កុពី១គ្រឿងឌុបគ្នា ។ លុះពេលមកដល់ត្រង់ចំណុច កើតហេតុ នៅក្រោមស្ពានព្រែកសំរោង សង្កាត់ព្រែកថ្មី សង្ស័យរថយន្តប្រភេទដឹកដីមួយគ្រឿង បើកបុកបណ្តាលឲ្យបុរស២នាក់ ដួលរងរបួសធ្ងន់ ។ ចំណែករថយន្តដែលប្រជាពលរដ្ឋសង្ស័យបុកម៉ូតូជនរងគ្រោះនោះ បានបើកបន្ថែមល្បឿនយ៉ាងលឿនឆ្ពោះទៅទិស ខាងត្បូងដើម្បីគេចខ្លួនបាត់ស្រមោលតែម្តង ។

ជនរងគ្រោះទាំងពីរនាក់ខាងលើនោះ មិនទាន់ស្គាល់អត្តសញ្ញាណនូវឡើយ ។ ក្រោយពេលកើតហេតុ ត្រូវបានរថយន្តសាមុយ មួយគ្រឿង របស់មន្ទីរពេទ្យម្លិះដង្កោដឹកយកទៅសង្រ្គោះបន្ទាន់ផងដែរ ។

នៅក្រោយពេលកើតហេតុភ្លាមៗ ក្រុមការងារយើងខ្ញុំមិនទាន់ឃើញវត្តមានកម្លាំងសមត្ថកិច្ច នៅក្នុងមូលដ្ឋានចុះមកនោះទេ ។ បើបងប្អូនណាមានសមាជិកក្នុងគ្រួសារ ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះ ដែលមានភិនភាគម៉ូតូដូចបានរៀបរាប់គន្លងមកនេះ សូមអញ្ជើញទៅមើលជនរងគ្រោះនៅឯមន្ទីរពេទ្យម្លិះដង្កោ ៕

មតិយោបល់