អាមេរិកៈ អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានព្រមានកាលពីថ្ងៃពុធថា តួកគី អាចនឹងប្រឈមជាមួយសមាជិកភាពរបស់ខ្លួន នៅឯណាតូ ប្រសិនបើពួកគេនៅតែបន្តផែនការទិញ ប្រព័ន្ធការពារអាកាសរបស់រុស្ស៊ី ចំពេលមានការប្រឆាំងពីសំណាក់អន្តរជាតិនោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។
ភាពតានតឹងជាមួយអាមេរិក បានកើតឡើងបន្ទាប់ពីប្រទេសតួកគី បានលើកទ្បើងកាលពីថ្ងៃពុធថា កិច្ចព្រមព្រៀងអាវុធជាមួយរុស្ស៊ី ត្រូវបានកំណត់រួចរាល់ជាស្រេច ដែលបានធ្វើឲ្យមានភាពជាប់គាំង រវាងសម្ព័ន្ធមិត្តណាតូទាំងពីរ។
ថ្លែងនៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៧០ របស់ណាតូ នៅទីក្រុងប្រ៊ុចសែល លោក Pence បាននិយាយថា ការដឹកជញ្ជូនសម្ភារ:ហ្វឹកហាត់ រួមការដឹកជញ្ជូនគ្រឿងបរិក្ខានៃ យន្តហោះចម្បាំង F-35 ត្រូវបានលុបចោល ដោយសារកំពុងទន្ទឹងរងចាំពីការសម្រេចចិត្តរបស់តួកគី ដើម្បីបញ្ឈប់ការទទួលយកប្រព័ន្ធ S-400 ពីរុស្ស៊ី៕
មតិយោបល់