កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ៣កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង៣០នាទីព្រឹក កម្លាំងនគរបាលស្រុកសំរោងទង សហការបង្រ្កាបមុខសញ្ញា ក្រុមជួញដូរ និងចែកចាយគ្រឿងញៀន នៅចំណុចភូមិត្រពាំងត្រស់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រតិបត្ដិការនេះ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធចំនួន ០៦នាក់ ១-ឈ្មោះ អ៊ុន ផល្លី ប្រុស អាយុ ៣៣ឆ្នាំ នៅភូមិត្រពាំងត្រស់ ឃុំសំរោងទង “ម្ចាស់ថ្នាំ” ២-ឈ្មោះ អាន ពិសី ប្រុស អាយុ ២៤ឆ្នាំ នៅភូមិទន្លេកន្ទិល ឃុំសំរោងទង ៣-ឈ្មោះ ខៀវ ចែ ប្រុស អាយុ ២២ឆ្នាំ នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ៤-ឈ្មោះ ទេព កុសល ប្រុស អាយុ ២៨ឆ្នាំ នៅភូមិត្រពាំងតាឡាត់ ឃុំសំរោងទង ៥-ឈ្មោះ យ៉ាន់ ដា ប្រុស អាយុ ១៩ឆ្នាំ នៅភូមិឆ្វេក ឃុំពាំងល្វា ស្រុកឧដុង្គ ៦-ឈ្មោះ ចន សុជាតិ ប្រុស អាយុ ៣០ឆ្នាំ នៅភូមិឆ្វេក ឃុំពាំងល្វា ស្រុកឧដុង្គ។
តាមការបញ្ជាក់ពីនគរបាល បានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបក្រុមមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់ ០៦នាក់ ដោយសារបានទទួល ព័ត៌មានពីកម្លាំងផ្ដល់ព័ត៌មានថា មានក្រុមជួញដូរថ្នាំញៀនមេក្លោងកំពុងតែរកទីផ្សាចែកចាយ។
ក្រោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកបានបញ្ជាឲ្យកម្លាំងជំនាញនគរបាលចំណុះអធិការដ្ឋាន មានកម្លាំងផ្នែកសន្ដិសុខ ផ្នែកគ្រឿងញៀន ផ្នែកព្រហ្មទណ្ឌសហការធ្វើការស្រាវជ្រាវ រហូតឈានដល់ការបង្រ្កាបបានតែម្ដង។
នៅចំពោះមុខសមត្ថកិច្ចមុខសញ្ញាសង្ស័យឈ្មោះ អ៊ុន ផល្លី ប្រុស អាយុ៣៣ឆ្នាំបានឆ្លើយថា ថ្នាំញៀនខាងលើជារបស់ខ្លួនប្រាកដមែន ហើយទិញបន្ដពីមនុស្សម្នាក់ មិនស្គាល់មុខទេ តេតាមទូរស័ព្ទរួចណាត់គ្នាយកតែម្ដង ដើម្បីធ្វើការចែកចាយបន្តទៅអោយអ្នកប្រើប្រាស់តាមលទ្ធភាពនៃការទំនាក់ទំនងជាបណ្ដាញស្គាល់តគ្នា។
សមត្ថកិច្ចបានធ្វើការចាប់ដកហូតវត្ថុតាងជាថ្នាំសង្ស័យជាថ្នាំញៀនចំនួន ១១ កញ្ចប់ “ធំ ២ មធ្យម ១ តូច ៨ កញ្ចប់,ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ១ និងសម្ភារៈប្រើប្រាស់ផ្សេងទៀត។
បច្ចុប្បន្នស្រុក បានបញ្ជូនទៅការិយាល័យជំនាញបន្ដសាកសួរ នឹងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕






មតិយោបល់