ព័ត៌មានជាតិ

សន្តិសុខខារ៉ាអូខេមនោរម្យ ខឹងបុរសម្នាក់ បើករថយន្តបម្រុងបុក យកសាំងដុត…

កំពង់ចាម: កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០១និង៣០នាទីយប់ មានករណីប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចថា មានអគ្គិភ័យឆាបឆេះរថយន្ត ម៉ាក លុចស៊ីស ជីអេស ៣០០ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ ២W-៨៥៨៨ ស្ថិតក្នុងភូមិទី០១ សង្កាត់វាលវង់ ក្រុង/ខេត្តកំពង់ចាម។

ជនរងគ្រោះឈ្មោះ សុខ សុធា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិឃុំកើត ហេតុខាងលើ។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ០១និង១០ យប់កើតហេតុ ត្រង់ចំណុចលើចិញ្ចើមផ្លូវ ស្ថិតក្នុងភូមិឃុំកើតហេតុ ខណ:ដែលម្ចាស់រថយន្ត ឮសំទ្បេងផ្ទុះក៏ស្ទុះមកមើល ស្រាប់ឃើញរថយន្តខាងលើដែលទុកចោលក្រៅរបងផ្ទះ ត្រូវបានភ្លើងឆេះ បណ្ដាលឲ្យខូចខាតរថយន្តផ្នែកខាងមុខ ហើយបងប្អូនជួយពន្លត់។

បន្ទាប់ពីទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍វាលវង់ សហការជាមួយជំនាញក្រុងកំពង់ចាម បានចុះមកដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ តាមរយ:កាមេរ៉ាសុវត្ថិភាព ឃើញ មានជនសង្ស័យម្នាក់ ជិះកង់កាត់កន្លែងកើតហេតុ បានបន្តិចក្រោយមក ស្រាប់តែមានភ្លើងឆេះរថយន្តតែម្តង។

រហូតដល់យប់ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១២និង ៥៧នាទី ទើបប្រទះឃើញជនសង្ស័យ នៅចំណុចភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម សមត្ថកិច្ច ធ្វើការត្រួតពិនិត្យ ឃើញមានដបសាំងចំនួន០១ដប និងដែកកេះចំនួន០១ដាក់ក្នុងស្បោង ។

ជនសង្ស័យឈ្មោះ ហេង យូរ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ សន្តិសុខខារ៉ាអូខេមនោរម្យ ស្នាក់នៅបន្ទប់ជួលភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបាននាំខ្លួនទៅសាកសួរ នៅអធិការក្រុងកំពង់ចាម។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា នៅយប់ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ០១ រំលងអធ្រាត្រ ពេលខ្លួន កំពុងនៅក្រោមស្ពាន គីហ្សូណា ស្រាប់តែមានរថយន្ត លុចស៊ីស០១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ២W-៨៥៨៨ ជិះបម្រុងបុកខ្លួន ហើយក៏ជិះទៅបាត់ លុះមកដល់យប់ថ្ងៃទី ៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ដដែលខ្លួនបានឃើញរថយន្តនោះចតនៅមុខផ្ទះ ខ្លួនក៏បានទិញសាំងយកទៅចាក់ដុតហើយជិះកង់គេចខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួន ដើម្បីចងក្រងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

មតិយោបល់