ព័ត៌មានជាតិ

បញ្ជូនខ្លួនប្តី-ប្រពន្ធពីរនាក់ ផ្សំគំនិតគ្នាលួចម៉ូតូ ទៅសាលាដំបូងខេត្តសៀមរាប

សៀមរាបៈ នៅព្រឹកថ្ងៃទី១១ ខែកកដ្ដា ឆ្នាំ២០១៦ ជនសង្ស័យ០២នាក់ប្តី-ប្រពន្ធ ត្រូវបានសមត្ថកិច្ចនគរបាល ធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធករណីផ្សំគំនិតគ្នាលួចម៉ូតូពីជនរងគ្រោះបានសម្រេច កាលពីកន្លងមក។

ជនសង្ស័យ០២នាក់ប្តី-ប្រពន្ធ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ ក្នុងនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង សៀមរាប។ ជាប់ពីបទ លួចម៉ូតូម៉ាក់ ZOO Mer X បានសម្រេចកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ ត្រូវកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវទៅតាមបណ្តឹងរបស់ជនរងគ្រោះរហូតឈានដល់ការឃាត់ខ្លួនតែម្ដង។

លោកវរសេនីយ៍ទោ ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប បានដឹកនាំកម្លាំងនៅក្រោមឱវាទចុះធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់លុះដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ កម្លាំង នគរបាលជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ប្តី-ប្រពន្ធដែល បានជិះឌុបគ្នាតាមបណ្ដោយផ្លូវ៣០ស្ថិតនៅភូមិត្រពាំងសេះសង្កាត់គោកចកក្រុងសៀមរាប ហើយបានដកហូតនូវវត្ថុតាងម៉ូតូ ZOO Mer X ផងដែរ។

ជនសង្ស័យមានឈ្មោះ កែវ ប៊ុនធី ភេទប្រុស អាយុ២១ឆ្នាំ និងប្រពន្ធឈ្មោះអ៊ឹម សុផាតនាថ អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទាប់ជួលភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោកនាយការិយាល័យ បានបន្តទៀតថា ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២រួចមកកម្លាំងសមត្ថកិច្ចនគរបាលយើងបាននាំខ្លួនមកធ្វើការសាកសួរក្នុងនោះជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានពិភាក្សាគ្នាដើរលួចម៉ូតូនៅក្នុងក្រុងសៀមរាប បន្ទាប់មកជនសង្ស័យបាននាំគ្នាធ្វើដំណើរចេញពីបន្ទាប់ជួល លុះដល់ចំណុចកើតហេតុខាងលើបានឃើញម៉ូតូជនរងគ្រោះទុកនៅមុខហាងលក់សំលៀកបំពាក់ហើយបានលួចជិះចេញតែម្តង។

បច្ចុប្បន្នសង្ស័យត្រូវបានសមត្ថកិច្ច កំពុងធ្វើការសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦។ រីឯវត្ថុតាង(ម៉ូតូ)ត្រូវបានកម្លាំងនគរបាលធ្វើការប្រគល់ជូនម្ចាស់ដើមវិញ៕

មតិយោបល់