ភ្នំពេញៈ ឃាតករដាក់ឈ្មោះខ្លួនឯងថា «ជួប សម្លាប់» ឈ្មោះ ពិត អឿតអាង ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅកំណើតភូមិទន្លេសរ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ ម្តាយឈ្មោះ ឯម តាប់ និងឪពុកឈ្មោះ អឿត អាយុ៦៤ឆ្នាំ។
តាមការស្រាវជ្រាវបឋមរបស់សមត្ថកិច្ចបង្ហាញថា ប្រវត្តិរបស់ឈ្មោះ អឿត អាង នៅឆ្នាំ ២០១១ ឈ្មោះ អឿង អាង បានប្រពន្ធឈ្មោះ យ៉ាង យឿង នៅភូមិល្បើក ឃុំនគរភាស ស្រុកអង្គរជុំ មុខរបរ ទៅរកស៊ីនៅប្រទេសថៃ និងមានកូនស្រីម្នាក់។ នៅឆ្នាំ ២០១២ លែងលះជាមួយប្រពន្ធ។ នៅឆ្នាំ២០១៣ ចូលបួសជាព្រះសង្ឃ នៅវត្តប្រាសាទធ្នង់ (វត្តក្រឡាញ់) ឃុំតាសោម ស្រុកអង្គរជុំ ហើយនៅវត្តប្រាសាទធ្នង់បានប្រហែលជិត១ឆ្នាំ បានផ្លាស់ទៅនៅអាស្រម វត្តកំបោរ ស្ថិតនៅភូមិកំបោរ ឃុំស្វាយស ស្រុកវ៉ារិន។
នៅឆ្នាំ២០១៤ លោកសង្ឃអង្គនេះបានផ្លាស់ទៅនៅអាស្រមពើងតានាន់វិញម្តង ឃុំគោកដូង ស្រុកអង្គរជុំ។
នៅឆ្នាំ២០១៥ លោកសង្ឃមានបញ្ហាក្នុងអាស្រមពើងតានាន់នោះ ក៏សឹក។ បន្ទាប់ពីសឹករួច ក៏ចូលធ្វើជាក្រុមអង្គការបរិស្ថាន ជាមួយលោក ទេព ពេជ្រ នៅក្រុងបាត់ដំបង បានឈរជើងធ្វើការនៅស្រុកអង្គរជុំ។
នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ ក៏បានប្រពន្ធថ្មីមួយទៀតឈ្មោះ ហឿម ហ៊ត់ នៅភូមិនគរភាស ស្រុកអង្គរជុំ មុខរបរ លក់ចាហួយក្នុងភូមិ។
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ គាត់បានប្រាប់ប្រពន្ធថា ទៅធ្វើការនៅភ្នំពេញ រហូតមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក៏បានឃើញមានព័ត៌មានករណីឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ហើយក៏បានឃើញរូបភាពជនសង្ស័យតាមបណ្តាញសង្គមហ្វេកប៊ុក និងបានពិនិត្យឃើញថា ជនសង្ស័យនៅក្នុងរូបភាពនោះ ពិតជាឈ្មោះ អឿត អាង រស់នៅមូលដ្ឋានស្រុកអង្គរជុំពិតប្រាកដមែន។
គួរបញ្ជាក់ថា ឃាតករបាញ់សម្លាប់លោក កែម ឡី អាយុ៤២ឆ្នាំ អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា នៅក្នុងស្តារម៉ាត ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្បែរស្តុបបូកគោក នៅតាមបណ្ដោយមហាវិធីព្រះមុនីវង្ស កែងវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយខណៈនោះ សមត្ថកិច្ចបានចេញអន្តរាគមន៍ចាប់ឃាតករខាងលើនេះ ភ្លាមៗផងដែរ៕
មតិយោបល់