ប្រាក់ចំនួន៦៧០០លានដុល្លារ ត្រូវបានត្រៀម សម្រាប់កំចីក្នុងការប្រាក់ថោក យកទៅប្រើក្នុងវិស័យសុខភាព។ លោក Shaktikanta Das អគ្គទេសាភិបាលធនាគារជាតិឥណ្ឌា បានបញ្ជាក់ថា កម្ចីនេះ គឺគេអាចស្នើសុំបានពីនេះ រហូតដល់ខែមីនា ឆ្នាំ២០២២។ លោកបន្ថែមថា ប្រសិនបើវិបត្តិកូវីដនៅតែបន្ត ធនាគារជាតិឥណ្ឌា នឹងចេញវិធានការពិសេសបន្ថែមទៀត។
លោកទេសាភិបាលធនាគារជាតិឥណ្ឌា បានបញ្ជាក់ថា ល្បឿនដ៏លឿនរបស់កូវីដ១៩ ដែលផ្តាច់ជីវិតប្រជាជនឥណ្ឌានាពេលបច្ចុប្បន្ននេះ គឺតម្រូវឲ្យអាជ្ញាធរ ត្រូវតែឆ្លើយតបជាមួយនឹងវិធានការពិសេស ដ៏ឆាប់រហ័ស នឹងធំមហិមាដែរ។ ប្រាក់កម្ចីដែលរបស់ធនាគារជាតិនេះ គឺអនុញ្ញាតឲ្យពង្រឹងសមត្ថភាព សង្គ្រោះ និងព្យាបាលអ្នកជំងឺនៅតាមមន្ទីរពេទ្យ។ ធនាគារទូទៅ អាចផ្តល់ប្រាក់កម្ចី យ៉ាងរហ័ស ក្នុងការប្រាក់ថោក ទៅឲ្យមន្ទីរពេទ្យនានា យកទៅទិញសម្ភារៈចាំបាច់ ឬអាចផ្តល់កម្ចីទៅឲ្យសហគ្រាសផលិតខ្យល់ឧុកស៊ីសែន ឲ្យបង្កើនពង្រីកការផលិត ឬក៏អាចផ្តល់កម្ចីដល់ប្រជាជនសាមញ្ញ ដែលត្រូវការយកទៅមើលជំងឺជាដើម។ ក្រៅពីវិធានការបន្ទាន់នេះ ធនាគារជាតិឥណ្ឌា ក៏នឹងអនុគ្រោះឲ្យសហគ្រាសមួយចំនួន ក្នុងវិស័យពាណិជ្ជកម្ម ឲ្យអាចពន្យាពេលបន្ថែមទៀត ក្នុងការសងការប្រាក់។
សូមបញ្ជាក់ថា វិស័យសុខាភិបាលឥណ្ឌា មានភាពទ្រុឌទ្រោមជាទីបំផុត ជាមួយនឹងទំងន់ នៃវិបត្តិកូវីដ១៩។ អ្នកជំងឺខ្លះ ដេកស្លាប់នៅខាងមុខមន្ទីរពេទ្យ នៅតាមចិញ្ចើមថ្នល់ ដោយសារតែពេទ្យគ្មានលទ្ធភាពទទួល។ គិតមកត្រឹមពេលនេះ ឥណ្ឌា មានអ្នកឆ្លងកូវីដ១៩ សរុបប្រមាណ២០លាន៣សែននាក់ និងមានអ្នកស្លាប់ ប្រមាណ២២២០០០នាក់។ អ្នកជំនាញខ្លះ បានថ្លែងការបារម្ភថា កម្រិតឆ្លងរាលដាល មួយថ្ងៃ៥សែននាក់ នៅឥណ្ឌា អាចមានយូរថ្ងៃទៀត ដែលនឹងធ្វើឲ្យមនុស្សស្លាប់កាន់តែច្រើន។
មតិយោបល់