ព័ត៌មានជាតិ

លោក ញឹក ប៊ុនឆៃ និងថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ តក់ស្លុតចំពោះមរណភាពលោក កែម ឡី

ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ និងថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិមានការតក់ស្លុត ចំពោះមរណភាពរបស់លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គម និងនយោបាយឯករាជ្យ ព្រមទាំងបានចាត់ទុកថា ការបាត់បង់ជីវិតរបស់លោកបណ្ឌិត គឺជាការបាត់បង់បញ្ញាវ័ន្តខ្មែរ១រូប ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងសង្គមកម្ពុជា។

លោក ញឹក ប៊ុនឆៃ មានប្រសាសន៍ថា “ខ្ញុំមានជំនឿលើសមត្ថកិច្ច ក្នុងការស្រាវជ្រាវ និងរកការពិតជុំវិញករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់”។ លោក ញឹក ប៊ុនឆៃ ពុំបានបង្ហាញទស្សនៈយល់ឃើញផ្ទាល់ខ្លួនជុំវិញករណីបាញ់សម្លាប់លោក កែម ឡី ទេ ក៏ប៉ុន្តែលោកលើកឡើងពីការយល់ឃើញរបស់ប្រជាពលរដ្ឋភាគច្រើន នៅមានមន្ទិលសង្ស័យថា ករណីឃាតកម្មនេះ ពាក់ព័ន្ធជាមួយនិងរឿងនយោបាយច្រើនជាង។

លោក ញឹក ប៊ុនឆៃ បានលើកឡើងបែបនេះក្នុងឱកាសដែលលោកនិងថ្នាក់ដឹកនាំគណបក្ស ខ្មែររួមរួមជាតិជាច្រើនរូបបានទៅចូលរួមសម្តែងមរណៈទុកចំពោះសពលោក កែម ឡី នៅក្នុងបរិវេណវត្តក្តីចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៦នេះ។

លោក ញឹក ប៊ុនឆៃ បានសម្ដែងនូវសមាន្យចិត្តសោកស្ដាយ និងរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយនឹងភរិយា និងក្រុមគ្រួសារនៃសព ព្រមទាំងបាននាំយកនូវបច្ច័យ និងសម្ភារៈមាន ស្បែកជើងស បាតលោក ស្បង់ ជីវរ មួយចំនួនដើម្បីចូលរួមក្នុងពិធីបុណ្យសព។

សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គម និងនយោបាយឯករាជ្យ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃអាទិត្យទី១១ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុច ស្តាម៉ាត ស្ថានីយប្រេងឥន្ទៈកាល់តិចបូកគោ ក្នុងទឹកដីខណ្ឌចំការមន រាជធានីភ្នំពេញ៕

មតិយោបល់