ព័ត៌មានជាតិ

ក្របួចជនសង្ស័យ៣នាក់ ករណីលួចម៉ូតូ

ភ្នំពេញៈ ក្រុមចោរក្មេងស្ទាវ៣នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដែលដឹកនាំដោយលោក ស៊ឹម ពិសិដ្ឋ អធិការរង ក្រោយធ្វើសកម្មភាពកាច់សោរកម៉ូតូ Air Black ចាស់របស់សន្តិសុខ Seven Friendship Security ដែលយាមប្រចាំការនៅតាមផ្ទះល្វែងពេលយប់ នៅចំណុចផ្ទះល្វែង ផ្លូវ២៦១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង១២និង៣០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦។

ជនរងគ្រោះឈ្មោះ ទិត្យ លឹមហៀង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ (SFS) ស្នាក់នៅផ្ទះ៤៣ ផ្លូវលំ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិថ្នល់ទទឹង ឃុំត្បូងឃ្មុំ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បានប្រាប់ថា ខ្លួនធ្លាប់បាត់ម៉ូតូគុបជ្រុងមួយម្តងរួចមកហើយកាលពីខែឧសភា ឆ្នាំ២០១៦ រហូតមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅវេលាម៉ោង៦ល្ងាច គឺជាវេនប្រចាំការនៅម្តុំបឹងសាឡាងរហូតដល់ម៉ោង១២រំលងអាធ្រាត្រចូលថ្ងៃទី១១ ក៏ស្រាប់តែបាត់ម៉ូតូ Air Black ចាស់ ស្លាកលេខ ភ្នំពេញ1T-8740 ដែលទុកនៅតាមផ្លូវក្បែរកន្លែងយាមតែម្តង ហើយបានប្តឹងនៅនរគបាលប៉ុស្តិ៍រួចរាល់បន្ទាប់ពីកើតហេតុភ្លាមៗ។

នរគបាលព្រហ្មទណ្ឌបានប្រាប់ថា ជនសង្ស័យឈ្មោះ ឃុន សុខវី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំបឹងសាឡាង (ជាអ្នករួមគំនិត) ត្រូវបានកម្លាំងល្បាតនៃអធិការដ្ឋាននរគបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនបានម្នាក់ និងម៉ូតូជនរងគ្រោះ ហើយម្នាក់ទៀតរត់រួច ក៏បញ្ជូនមកអធិការដ្ឋាននរគបាលខណ្ឌទួលគោកធ្វើការសាកសួរ និងនាំទៅក្របួចបានបក្ខពួកចំនួន២នាក់បន្ថែមទៀត ដែល មានឈ្មោះ ថៃ ឡុក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំបឹងសាឡាង (ជាអ្នកធ្វើសកម្មភាព) និង ជនសង្ស័យឈ្មោះ សុខ ធា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំបឹងសាឡាង (ជាអ្នករួមគំនិត) សូមបញ្ជាក់ផងដែរថាជនទាំង២នាក់ខាងក្រោមនេះត្រូវបានឃាត់ខ្លួននៅម្តុំបឹងសាឡាងដែលជាកន្លែងស្នាក់នៅតាមដីឡូដ៍។

ប្រភពបានបន្តទៀតថា នៅពេលធ្វើសកម្មភាពលួចកាច់សោរកម៉ូតូមានគ្នាចំនួន៤នាក់ហើយចាប់ឃាត់ខ្លួនបានចំនួន៣នាក់និងតាមចាប់ខ្លួនបន្ថែមទៀត។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងនៃអធិការដ្ឋាននរគបាលខណ្ឌទួលគោកកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់