ភ្នំពេញៈ ប៉ូលិសស័ក្តិ៤កន្លះម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យ បានធ្វើការបាញ់គំរាមភាគីម្ចាស់ផ្ទះ ដែលផ្ដើមចេញពីឈ្លោះគ្នាបន្តិចបន្តួច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង ៣០នាទីថ្ងៃរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៩ នៅចំណុចផ្លូវលំភូមិ ៣សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យឈ្មោះ យន់ ផល្លី ភេទ ប្រុសអាយុ៥៤ឆ្នាំ ជាមន្ត្រីប៉ូលិសស័ក្ដិ៤កន្លះ នាយរងការិយាល័យបណ្ដុះបណ្ដាល ខេត្តកណ្ដាល មានទីលនៅ ភូមិព្រែកសំរោង សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្ដាល ចំណែកជនរងគ្រោះឈ្មោះ ឈួង គឹមស៊ា ភេទប្រុស អាយុ ៣៣ឆ្នាំ ជាប៉ូលិសផ្នែកចរាចរណ៍ ជាប់កិច្ចសន្យាក្រុងភ្នំពេញ មានទីលំនៅទីតាំងកើតហេតុខាងលើ ។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ បានមកបើកឡានតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខនគរបាល ២-4881 ដឹកឥវ៉ាន់ធ្វើផ្ទះនៅម្ដុំកន្លែងកើតហេតុ ប៉ុន្តែខណៈបើកបរឡានមិនប្រយ័ត្ន ពេលរយែថយក្រោយ ក៏ឡើងឃឿនដំណាំបន្លែរបស់ជនរងគ្រោះ ពេលនោះជនរងគ្រោះ ក៏បានទៅគោះឡាន ដើម្បីប្រាប់ជន ហើយសង្ស័យក៏ចុះពីឡាន ឈ្លោះគ្នា រហូតដល់មានការប្រតាយប្រតប់គ្នា បន្ទាប់មក ជនសង្ស័យ បានដកកាំភ្លើងមិនស្គាល់ម៉ាក បាញ់ឡើងលើមួយគ្រាប់ ដើម្បីគំរាមជនរងគ្រោះ ។
ប្រភពដដែលបន្តថា បន្ទាប់ពីកើតហេតុភ្លាម ជនរងគ្រោះ ក៏បានតេទូរស័ព្ទទៅសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារ ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យភ្លាមៗ យកទៅអធិការដ្ឋានខណ្ឌជ្រោយចង្វាផងដែរ ។
បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះ សមត្ថកិច្ចកំពុងតែធ្វើការសាកសួរ នៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ៕
មតិយោបល់