(ត្បូងឃ្មុំ): បុរសម្នាក់ដែលជាបុគ្គលិកក្រុមហ៊ុនកែច្នៃដើមកៅស៊ូ ត្រូវឈើធ្លាក់ពីលើបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងថ្លុកឈាម គ្រាដែលជនរងគ្រោះកំពុងតែបម្រើការងារនៅក្នុងក្រុមហ៊ុនកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី៥ មេសា ២០១៦ ស្ថិតនៅក្នុងភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះឈុន សុភ័ណ្ឌ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុគឺជនរងគ្រោះ បានបម្រើការងារនៅក្នុងក្រុមហ៊ុន កែឆ្នៃឈើដើមកៅស៊ូខាងលើដូចសព្វមួយដង ខណៈពេលដែលជនរងគ្រោះកំពុងតែកត់បញ្ជីឈើ ស្រាប់តែឈើធ្លាក់ពីលើគ្រឿងចក្រ(លេវឺល័រ) សង្កត់ពីលើជនរងគ្រោះបណ្ដាលឲ្យបោកត្រូវក្បាល ស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាមភ្លាមៗតែម្ដង ។
ក្រោយពីកើតហេតុ កម្លាំងជំនាញបច្ចេកទេសនគរបាលក្រុងសួង បានចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុ ហើយក៏បានប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕
មតិយោបល់