ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញទៀតហើយ! នំបាញ់ឌុក និងមឹកក្លាសេ មានសារធាតុគីមី

ភ្នំពេញ: យោងតាមផេកអគ្គនាយកដ្ឋាននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេស ឃែរី វើលប្រីដ ឡូជីស្ទីក (Kerry World Bridge Logistics) ដោយទទួលបានការចូលរួមសហការពីមន្ត្រីមន្ទីរពិសោធន៍ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណ:កម្មការផ្សារ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ អាហារវេចខ្ចប់ស្រាប់ នៅក្នុងផ្សារជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារចំនួន ៣៦គំរូ រួមមាន៖
-បន្លែច្រើនប្រភេទ
-ជើងមាន់ក្លាសេ
-ក្រួចក្លាសេ
-គ្រឿងសមុទ្រក្លាសេ
-ប្រហិតសាច់
-សាច់ក្រក ផ្អក
-សរសៃគុយទាវ មី លត ប្រភេទជ្រក់ ប្រេងឆា ទឹកម្ទេស
-នំបាញ់ឌុក និងមឹកក្លាសេ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាមួយគ្នានោះ មន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យរកភាព មិនអនុលោមនៅលើសំបកវេចខ្ចប់ ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញមានផ្ទុកសារធាតុគីមីហាមឃាត់ ហ្វ័រម៉ាលីន និងប៉ូរាក់ នៅក្នុងនំបាញ់ឌុក និងមឹកក្លាសេចំនួនសរុប ៤,៧០ គីឡូក្រាម បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទាំងនោះយកទៅកម្ទេចចោលនៅពេលក្រោយតាមនីតិវិធី។
ទន្ទឹមនិងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់