ព័ត៌មានជាតិ

បង្ក្រាប​ករណី​លេងល្បែង​ជល់​មាន់​ និង​អាប៉ោង​ឃាត់ខ្លួន​អ្នកលេង​១១​នាក់ រួមនឹងវត្ថុតាង​

​កំពង់ចាម:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ ចុះ​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ត្រង់​ និង​អាជ្ញាធរ​មូលដ្ឋាន​ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ ចុះ​បង្ក្រាប​ករណី​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ និង​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់​ (​លេង​ជល់​មាន់​ និង​លេង​អាប៉ោង​)​ នៅ​ចំណុច​ចម្ការ​ស្វាយចន្ទីរ​ ក្រោយ​ភូមិ​បែក​អន្លូង​ ឃុំ​អារក្ស​ត្នោត​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​ ។​

​ជា​លទ្ធផល​នៃ​ប្រតិបត្តិការ​នៅ​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១១​ និង​៣០​នាទី​ កម្លាំង​បាន​បង្ក្រាប​ចាប់​ឃាត់ខ្លួន​អ្នកលេង​ល្បែង​ចំនួន​១១​នាក់​ និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ ។​

​ដោយ​ឡែក​ឈ្មោះ​ នី​ន​ គឹ​ម​សឿ​ន​ មាន​ជំងឺ​ប្រចាំ​កាយ​ (​ជំងឺលើសឈាម​)​ និង​មាន​អាកា​រ:​ឡើង​ឈាម​ ក្រោយ​ពេល​ឃាត់ខ្លួន​ ។​ ហេតុនេះ​ លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ បាន​សម្រេច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ។​

​បច្ចុប្បន្ន​ អ្នកលេង​ល្បែង​ទាំង​១០​នាក់​ខាងលើ​ រួម​នឹង​វត្ថុ​តាង​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕

មតិយោបល់