ព័ត៌មានជាតិ

កម្មករ២រោងចក្រ បើកឆាកវាយប្រយុទ្ធគ្នាទៅវិញទៅមក ផ្តើមចេញពីរឿងចាប់ប៉ាតម្សៅគ្នា

ភ្នំពេញ: កម្មករ-កម្មការនីរាប់រយនាក់ នៅក្នុងរោងចក្រចំនួន២ ផ្ទុះហិង្សា វាយគ្នាទៅវិញទៅមក ដោយសាររឿងចាប់ប៉ាតម្សៅ អំទ្បុងពេលមានកម្មវិធីជប់លៀង២កន្លែងផ្សេងគ្នា កើតហេតុនៅតាមផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១០ ខែមេសា ឆ្នាំ២០១៩ នេះ ផ្អើលសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បញ្ជូនកម្លាំងជាច្រើននាក់ចុះទៅអន្តរាគមន៍ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា រោងចក្រក្នុងតំបន់ ខាងលើ មានរោងចក្រចំនួន២ បានបើកលុយជូនកម្មករ របស់ខ្លួនក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ កាលពីព្រឹកថ្ងៃទី១០ ខែមេសានេះ មានទាំងកម្មវិធីជប់លៀង ឲ្យកម្មករលេងសប្បាយចំនួន ២ នៅក្បែរទីតាំងផ្សេងគ្នាផងដែរ។

លុះដល់វេលាថ្ងៃត្រង់ ភាពសប្បាយៗ របស់កម្មករទាំង២រោងចក្រ បានប្រែក្លាយទៅជម្លោះហិង្សា វាយគប់ដបទឹកសុទ្ធ គប់សំបកកំប៉ុងដាក់គ្នាទៅវិញទៅមក បន្ទាប់ពីមានកម្មការនីរោងចក្រម្ខាង ចេញមក ត្រូវបានក្រុមកម្មកររោងចក្រម្ខាងទៀត ចាប់ប៉ាតម្សៅ។

ក្រោយពីផ្ទុះជម្លោះ រវាងកម្មកររោងចក្រទាំងពីររួច សមត្ថកិច្ច បានចុះដល់ទីតាំងកើតហេតុ ហៅតំណាងថៅកែរោងចក្រទាំង២ មកសម្របសម្រួល រហូតដល់វេលាម៉ោង៣រសៀលថ្ងៃដដែល ទើបស្ងប់ស្ងាត់ រោងចក្រអនុញ្ញាតឲ្យកម្មករចាកចេញទៅផ្ទះ នៅឯស្រុកកំណើតរៀងៗខ្លួន៕

មតិយោបល់