ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាជើងចាស់ ខៃ ប្រសិទ្ធ បញ្ចេញមតិ ដោយគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត

(ភ្នំពេញ)៖ កាលពីម្សិលមិញ តារាសម្តែងជើងចាស់របស់កម្ពុជា ដែលកំពុងរស់នៅក្រៅប្រទេស គឺលោក ខៃ ប្រសិទ្ធ បានបង្ហោះវីដេអូមួយធ្វើឲ្យមហាជនខ្មែរមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះក្នុងវីដេអូនោះ លោកបាន បញ្ចេញមតិពីទឹកដីបរទេសមក ដោយអះអាងថា លោក គាំទ្រយ៉ាងពេញទំហឹងចំពោះ ឯក ឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។

ដោយលោក លោក ខៃ ប្រសិទ្ធ បាននិយាយថា “ខ្ញុំពេញចិត្ត និងគាំទ្រពេញទំហឹង ព្រោះដោយសារតែលោក ហ៊ុន ម៉ាណែត នៅក្រោមក្រែសែរភ្នែក និងផ្លូវចិត្តរបស់ខ្ញុំយូរហើយ។ ខ្ញុំមិនដែលបានជូបមុខទេ តែធ្លាប់បានទូរសព្ទកាល២ឆ្នាំនៅស្រុកខ្មែរ លោកសុភាពរាបសារណាស់”។

លោក ខៃ ប្រសិទ្ធ លើកឡើងបន្តថា បក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជាឯកឧត្ដម ហ៊ុន ម៉ាណែត បានចំណាយពេលតាំងពីក្មេងលត់ដំខ្លួនក្នុងការក្រេបយកចំណេះវិជ្ជារហូតបញ្ចប់ការសិក្សាក៏ឯកឧត្ដមនៅតែជាមនុស្សសាមញ្ញគួរឲ្យគោរពរាប់អាន។ ជាក់ស្ដែង ទោះបីជាមិនធ្លាប់បានជូបមុខដោយផ្ទាល់ ប៉ុន្តែតារាភាពយន្តជើងចាស់ លោក ខៃ ប្រសិទ្ធ បានអះអាងថា ធ្លាប់បាននិយាយទូរស័ព្ទជាមួយគ្នាកាលពី២ឆ្នាំមុន អំឡុងពេលលោកមកលេងប្រទេសកម្ពុជាហើយជាការជជែកគ្នាដោយសុភាពរាបសារនិងបានចំណាយពេលស្ដាប់លោកនិយាយ។

លោក ខៃ ប្រសិទ្ធ បានសង្កត់ធ្ងន់ថា “បើយើងផ្តល់ទឹកចិត្តឱ្យគាត់ យើងគាំទ្រគាត់ រុញគាត់យកទៅដាក់នៅក្នុងបន្ទប់នាយករដ្ឋមន្ត្រី ខ្ញុំគិតថា សក្តិសមឥតខ្ចោះតែម្តង ព្រោះគាត់មានទាំងចំណេះវិជ្ជា និង សិលធម៌ ឥរិយាបថល្អរបស់គាត់ គឺមានទាំងអស់”។

សូមបញ្ជាក់ថា អស់រយ:ពេល២០ឆ្នាំហើយ ដែលអតីតតារាភាពយន្តលោក ខៃ ប្រសិទ្ធ បានចាកចេញពីប្រទេស កម្ពុជា និងបន្តរស់នៅលើទឹកដីអូស្រ្តាលីរហូតមកដល់ពេលបច្ចុប្បន្ន។ ជារឿយៗ លោកតែងចេញចូលប្រទេសកម្ពុជា មកលេងស្រុកកំណើត ប៉ុន្តែដំណើររបស់លោកភាគច្រើនធ្វើឡើងដោយស្ងៀមស្ងាត់ និងជួបជុំជាលក្ខណ:គ្រួសារ និងស្កាត់ជូបមិត្តភក្តិខ្លះៗប៉ុណ្ណោះ។

ទោះបីជាយ៉ាងណា គេកម្រឃើញអតីតារាភាពយន្តល្បីឈ្មោះរូបនេះ ចេញមុខបញ្ចេញមតិជុំវិញរឿងរ៉ាវនយោបាយនៅប្រទេសកំណើតណាស់ ទើបតែពេលនេះ ស្រាប់តែលោកបានចេញមុខគាំទ្រពេញទំហឹងចំពោះឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្ទាប់ពីបានមើលឃើញនូវគុណសម្បត្តិជាច្រើន៕

 

មតិយោបល់