ភ្នំពេញៈ ប្តីប្រពន្ធមួយគូ បានទាស់ពាក្យសម្ដីគ្នា រហូតឈានដល់ប្រើហិង្សាដាក់គ្នា ផ្អើលអស់អ្នកជិតខាង និងសមត្ថកិច្ច ចុះមកអន្តរាគមន៍ កាលពីរវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទាន់ជួយលេខ២០ ផ្លូវលំជាប់និងរបងផ្ទះចៅសម្បត្តិ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានរៀបរាប់ឲ្យដឹងថា ប្តីប្រពន្ធមួយគូខាងលើ បានចាប់ដៃគ្នារៀបការសាងគ្រួសារ អស់រយៈពេល៤ឆ្នាំមកហើយ មានកូនស្រីអាយុ២ឆ្នាំម្នាក់។
ក្នុងអំឡុងរយៈពេល១ឆ្នាំចុងក្រោយកន្លងមកនេះ ប្តីប្រពន្ធមួយគូខាងលើ តែងតែមានរឿងរកាំរកូស ទាស់សម្ដីគ្នារហូត ហើយថែមទាំងរស់នៅផ្សេងពីគ្នាទៀត។
នៅថ្ងៃកើតហេតុនារីជាប្រពន្ធ បានទៅចូលរួមក្នុងកម្មវិធីបុណ្យភូមិ នៅផ្ទះមិត្តភក្តិរបស់នាង ដែលនៅក្បែរកន្លែងកើតហេតុខាងលើ។ ពេលនោះនារីជាប្រពន្ធ ក៏បានទូរស័ព្ទហៅបុរសជាប្តីឲ្យមកចូលរួម ក្នុងកម្មវិធីជាមួយគ្នា ដោយពួកគេទាំងពីរបានផឹកស៊ីរាំរែកយ៉ាងសប្បាយផងដែរ។ រហូតផឹកស្រវឹងស្រឿងៗ ស្រាប់តែបុរសជាប្តី បែរបញ្ចេញអាកប្បកិរិយាកោងកាច់ ដាក់គេឯង ដែលផឹកស៊ីជាមួយគ្នា ខណៈនោះនារីជាប្រពន្ធ ក៏បាននិយាយណែនាំប្តី ប៉ុន្តែបុរសជាប្តីនៅតែមិនស្តាប់។
ដោយនារីជាប្រពន្ធខឹង និងមិនចូលចិត្តទង្វើរបស់ប្តី នាងក៏បានចាកចេញពីកម្មវិធីនោះ ត្រលប់ទៅបន្ទាន់ជួលកើតហេតុខាងលើវិញ ទុកឲ្យបុរសជាប្តីនៅផឹកស៊ីបន្ត។ លុះដល់វេលាកើតហេតុ បុរសជាប្តីបានកើតចិត្តប្រចណ្ឌខឹងប្រពន្ធ ដែលត្រលប់ទៅផ្ទះ សង្ស័យថានាងមានអ្នកថ្មីចោលខ្លួន ទើបបុរសជាប្តី បានតាមទៅរកប្រពន្ធដល់បន្ទប់ជួល ហើយបានឈ្លោះប្រកកែកគ្នាយ៉ាងតឹងសរសៃក រហូតឈានដល់ហិង្សា បណ្តាលឲ្យនារីជាប្រពន្ធរងរបួសពកក្បាល បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍។
ក្រោយពេលកើតហេតុប្តីប្រពន្ធមួយគូខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អម ដើម្បីធ្វើការសាកសួរនាំ និងសម្របសម្រួលដោះស្រាយគ្នា៕
មតិយោបល់