មណ្ឌលគិរីៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងព្រៃ នៅចំណុចអូរណំ ស្ថិតនៅភូមិអន្ត្រេះ ឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី នាវេលាម៉ោង៨និង០០នាទី ។
សាកសពត្រូវបានគេស្គាល់ឈ្មោះ ង៉ូវ យូឡាយ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិអបួន ឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយសារវង្វេងព្រៃនៅចំណុចអូរណំ ស្ថិតនៅភូមិអន្ត្រេះ ឃុំអបួនលើ ស្រុកកោះញែក កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ដោយសារផឹកស្រាស្រវឹង និងមានសភាពទ្រុឌទ្រោមខ្លាំង ថែមទាំងមិនបានហូបបាយជាច្រើនថ្ងៃ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលបាត់ខ្លួន នៅរសៀលថ្ងៃទី១៩ ខែឧសភា ជនរងគ្រោះបានទៅរកគោ ហើយបាត់ ពុំឃើញមកផ្ទះឡើយ ។ បន្ទាប់មក សាច់ញាតិនាំគ្នាដើររកតែរកពុំឃើញ រហូតដល់ថ្ងៃទី២៣ ខែឧសភានេះ ទើបរកឃើញ សាកសពមានសភាពហើមស្អុយទៅហើយ ហើយរាយការណ៍ទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះញែក បានសហការជាកម្លាំងប៉ុស្តិ៍ លោកមេឃុំនិងពេទ្យមណ្ឌលសុខភាពភូមិទួល ចុះទៅដល់កន្លែងបានពិនិត្យសាកសពពុំមានស្លាកស្នាម ឬតម្រុយសង្ស័យក្នុករណីឃាតកម្មឡើយ ។
ករណីនេះសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គពិតប្រាកដមែន និងបានប្រគល់សាកសពទៅឲ្យ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់