ព្រះវិហារៈ យោងតាមផេកអគ្គនាយកដ្ឋានកុងកាំត្រូល បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលមានដាក់តាំងលក់នៅផ្សារឆែប ក្នុងភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចខាងក្រោម៖
– ទឹកដោះគោឆៅ ចំនួន ០៦ យួរ និង ០៧ កំប៉ុង ស្មើនឹង ៥.៣៧ លីត្រ
– ទឹកផ្លែឈីចម្រុះ ចំនួន ០៨ កេស ស្មើនឹង ៦១.៤៤ លីត្រ
– នំចម្រុះ ចំនួន ០៣ កញ្ចប់ ស្មើនឹង ០.០៧៥ គីឡូក្រាម
– ប័រ ចំនួន ៣៧ កំប៉ុង ស្មើនឹង ២.៩៦ គីឡូក្រាម សរុបទាំងអស់ចំនួន ៦៩.៨៤៥ គីឡូក្រាម
ក្រោយមកមន្ត្រីកាំកុងត្រូល បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះ យកទៅកម្ទេចចោលតាមនីតិវិធី ទន្ទឹមនិងនោះ មន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕
មតិយោបល់