ព័ត៌មានជាតិ

សង្ស័យប្រើសារធាតុញៀនលើសកម្រិត ដុតបំផ្លាញផ្ទះ និងបង្កហិង្សា ត្រូវសមត្ថកិច្ចវាយខ្នោះ

បន្ទាយមានជ័យៈ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៥និង១៥នាទី នៅភូមិព្រហ៊ូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ទោ ភឿក ព្រហ្ម នាយរងសេនាធិការកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្រ្កាប ករណីហិង្សាក្នុងគ្រួសារ និងដុតបំផ្លាញផ្ទះ ឃាត់ខ្លួនជនសង្ស័យបានម្នាក់។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា យោងតាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ អ៊ូច ពៅ ភេទស្រី អាយុ ៦៦ឆ្នាំ ត្រូវជាយាយបង្កើតរបស់ជនសង្ស័យ មានទៅលំនៅស្ថិតក្នុងភូមិ/សង្កាត់កើតហេតុខាងលើ បានបំភ្លឺឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មឿក សារ៉ាត់ ភេទ ប្រុស អាយុ ២៧ឆ្នាំ ជាមនុស្សប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារម្តង រួចមកហើយ រយៈពេល ០១ឆ្នាំ ពេលត្រឡប់ពីពន្ធនាគារវិញ ជនសង្ស័យមិនកែខ្លួន កាន់តែប្រើប្រាស់គ្រឿងញៀនច្រើនជាងមុន និងបានប្រើប្រាស់ហិង្សាទៅលើក្មួយស្រី។

លុះដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យបានវាយកម្ទេចសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបានដុតបំផ្លាញផ្ទះយាយបង្កើត របស់ខ្លួនទៀតផង តែសំណាងល្អត្រូវបានអ្នកជិតខាង និងកម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល មិនបណ្តាលឲ្យឆេះរាលដល់ផ្ទះទេ គ្រាន់តែឆេះសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនតែប៉ុណ្ណោះ ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិដូចការចោទប្រកាន់ របស់ជនរងគ្រោះពិតប្រាកដមែន ដោយខ្លួនបានប្រើប្រាស់គ្រឿងញៀន រហូតបែកគំនិតប្រព្រឹត្តិរឿងផ្តេសផ្តាស ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍ របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថា មានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហិង្សាក្នុងគ្រួសារ និងដុតបំផ្លាញផ្ទះ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់