ព័ត៌មានជាតិ

កុងតឺន័រ១គ្រឿង បើកបរសុខៗ ស្រាប់តែអគ្គិភ័យឆាបឆេះ នៅខណ្ឌសែនសុខ

ភ្នំពេញ: នៅវេលាម៉ោង១២ និង២០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះរថយន្តកុងតឺន័រ១គ្រឿង បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ករណីខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ១គ្រឿង ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A-7538 បើកបរតាមបណ្តោយផ្លូវណតប្រ៊ីត មានទិសដៅពីជើងទៅត្បូង ខណ:បើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែ ឃើញភ្លើងឆាបឆេះកាប៊ីនមុខផ្នែកខាងក្រោមរថយន្ត បណ្តាលឲ្យផ្ទុះកង់ចេញអណ្ដាតភ្លើងឆេះ បង្កការភ្ញាក់ផ្អើលកើតឡើង ត្រូវបានសមត្ថកិច្ចចេញអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យ១គ្រឿង មកបាញ់ទឹកពន្លត់បានទាន់ពេល ។ ករណីនេះ មិនបណ្តាលឲ្យនរណាម្នាក់ រងគ្រោះថ្នាក់ក្នុងហេតុការណ៍នោះទេ ហើយរថយន្តដែលត្រូវអគ្គិភ័យឆេះនេះ សមត្ថកិច្ចបានប្រគល់ឲ្យម្ចាស់យកទៅធ្វើការជួសជុលដោយខ្លួនឯង ៕

មតិយោបល់