ព័ត៌មានជាតិ

អាវុធហត្ថភ្នំពេញ បញ្ជូនខ្លួនជនសង្ស័យ ទះកំផ្លៀងស្រ្តីរងគ្រោះទៅតុលាការ

ភ្នំពេញ: បុរសម្នាក់ដែលបានបង្កហិង្សា (ទះកំផ្លៀង) ស្ត្រីម្នាក់ឲ្យដួលអុកគូទនៅនឹងថ្នល់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ រៀបចំបញ្ជូនទៅតុលាការហើយ បន្ទាប់ពីបានសាកសួរ និងកសាងសំណុំរឿងចប់សព្វគ្រប់។

គួររំឭកដែរថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១៣៦ កែងនិងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានករណីហិង្សាមួយកើតឡើង លើស្ត្រីរងគ្រោះទន់ខ្សោយមានឈ្មោះថា ទូច លីនដា ត្រូវបុរសម្នាក់ទះកំផ្លៀង ឲ្យនាងដួលអុកគូទនៅនឹងថ្នល់។

យោងតាមសម្តីរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានហិង្សាកើតឡើង គឺដំបូងឡើយរូបនាង និងប្អូនស្រី បានដើរចេញពីផ្ទះទៅផ្សារ ដើម្បីទិញបាយហូប ហើយក៏ដើរត្រឡប់មកវិញ ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ១គ្រឿង បើកយ៉ាងលឿនសំដៅមករករូបនាង ឃើញដូច្នោះប្អូនស្រីរបស់នាង ក៏ស្ទុះចាប់ដៃនាងអូសគេចចេញ ពេលនោះនាងសួរអ្នកបើករថយន្តថា បើកប្រញ៉ាប់ទៅណា? ហើយអ្នកបើករថយន្តចុះ មករួចជេរនាង ដោយពាក្យសម្តីមិនសមរម្យជាច្រើន ឮដូច្នោះនាង ក៏បានជេរតបតវិញ រំពេចនោះអ្នកបើករថយន្ត ដើរមកវាយចំកណ្តាលមុខ បណ្តាលឲ្យដួលតែម្តង។ បន្ទាប់មកស្រ្តីរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌដូនពេញ។

ក្រោយពេលទទួលពាក្យបណ្តឹង អាវុធហត្ថបានបើកការស្រាវជ្រាវ រហូតឈានទៅកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យ ក្នុងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ។

ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យបានសារភាពថា រូបគេមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ ៤៣ឆ្នាំ មុខរបរ ជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនមួយកន្លែង តាមបណ្តោយផ្លូវម៉ៅសេទុង ហើយរូបគេទើបតែបម្រើការងារបាន ប្រហែល១ខែប៉ុណ្ណោះ រូបគេបានសារភាពទទួលកំហុសថា បានប្រើហិង្សា ដូចការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺ ជនសង្ស័យបានសារភាពបន្ថែមថា កន្លងមករូបគេ ធ្លាប់ជាប់គុកព្រៃសរយ:ពេល ០១ឆ្នាំ រួចម្តងហើយ ក្នុងឆ្នាំ២០០៧-២០០៨ ពីបទ៖ បំផ្លិចបំផ្លាញទ្រព្យសម្បតិ្ត ត្រូវបានឪពុកម្ដាយបង្កើត ជាអ្នកប្ដឹងឲ្យជាប់គុក ៕

មតិយោបល់