សៀមរាបៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២១៖៣០នាទី នៅចំណុចផ្លូវប៊េតុងក្បែរស្ពានអាងក្រពើ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មានករណីឆក់កាបូបជនរងគ្រោះ ឈ្មោះ Adriana sislova ភេទស្រីអាយុ២៨ឆ្នាំ ជនជាតិ ឆេកូស្លូវាគី។
តាមការបញ្ជាក់ពីកម្លាំងនគរបាលជំនាញ៖ ជនរងគ្រោះនiងមិត្តភក្ដិចំនួនបីនាក់ ទៀត កំពុងដើរនៅចំណុចផ្លូវប៊េតុង ក្បែរស្ពានអាងក្រពើ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប ស្រាប់តែមានជនសង្ស័យចំនួនពីរនាក់ឈ្មោះ ម៉ី សិលា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិចារយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិសាត់ បុខរបរជាងភ្លើង និងឈ្មោះ វុទ្ធី បញ្ញាវុធ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិប៉ាលយ័ ឃុំប៉ាលយ័ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័ មុខរបរជាង ម៉ាស៊ីនត្រជាក់ ទាំងពីរនាក់ស្នាក់នៅបណ្តោះអាសន្នភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីឡេត (suzukiLet) ពណ៌ក្រហមលាយខ្មៅ ស៊េរីឆ្នាំ២០១៥ គ្មានស្លាកលេខ បានធ្វើសកម្មភាព ជិះលួចឆក់កាបូបស្ពាយ ពណ៌ខ្មៅ ពីដៃជនរងគ្រោះខាងលើក្នុងនោះមាន៖ ១.កូនកាបូបដៃដាក់លុយ ពណ៌សចំនួន០១, ២.កាតធនាគារចំនួន០១សន្លឹក, ៣.កាតធានារ៉ាប់រងធ្វើដំណើរចំនួនសន្លឹក, ៤.អត្តសញ្ញាណប័ណ្ណជនរងគ្រោះចំនួន០១សន្លឹក, ៥.ប្រាក់អាមេរិកចំនួន១០០$ នឹងប្រាក់អ៊ីរ៉ុបចំនួន៤០អ៉ឺរ៉ូ, ៦.ប័ណ្ណបើកបរជនរងគ្រោះចំនួន០១សន្លឹក។
ក្រោយពីធ្វើសកម្មភាពឆក់បានរួចជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូរត់គេច ពេលដែលសមត្ថកិច្ចបានទទួលពត៌មាន រួចមកកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលទេសចរណ៍ កម្លាំងនគរបាលការពារ និងអន្តរាគមន៍បានធ្វើការល្បាតប្រទាក់ក្រឡា តាមគោលដៅដែលបានកំណត់ រហូតដល់ដេញប្រផាប់ចាប់ប្រភីង បានជនសង្ស័យទាំងពីរនាក់ នៅចំណុចផ្លូវបំបែកតាភុល មុខហាងលក់ទូរស័ព្ទចំរើនស៊ីនហ័រ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
ក្រោយបានឃាត់ខ្លួន កម្លាំងសមត្ថកិច្ច បានធ្វើការសួរនាំជនសង្ស័យទាំងពីរ បានឆ្លើយសារភាពថា ខ្លួនបានចូលមកខេត្តសៀមរាប នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ហើយបានយកប្រាក់ដែលសល់ពីការលួចឆក់ទ្រព្យសម្បត្តិគេ បានចូលគ្នាទិញម៉ូតូ ជិះធ្វើសកម្មភាពលួចឆក់ខាងលើ ហើយធ្លាប់បានធ្វើសកម្មភាពឆក់ នៅក្នុងរាជធានីភ្នំពេញចំនួន០៤លើកកន្លងមក។
នៅក្នុងខេត្តសៀមរាបជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពលួចឆក់កាបូបចំនួនពីរលើក៖ -លើកទី១ ថ្ងៃទី០៨,០៩ ខែមេសាឆ្នាំ២០១៩ វេលាម៉ោង២០៖០០នាទី ចំណុចផ្លូវជាតិលេខ៦ ជិតការ៉ាស់សាំងតេលាខាងកើតផ្សារលើ។
លើកទី២.ជាក់ស្តែងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២១៖៣០នាទី ចំណុចផ្លូវប៊េតុងក្បែស្ពានអាក្រពើ ភូមិវត្តដំណាក់សង្កាត់សាលាកំរើកក្រុងខេត្តសៀមរាប ហើយត្រូវសមត្ថកិច្ចចាប់បាន។
ជនសង្សយ័ទាំងពីរពុំមានផ្ទុកសារធាតុញៀនទេ។ វត្ថុតាងបានដកហូតពីជនសង្ស័យប្រគល់ជូន ទៅជនរងគ្រោះដែលជាម្ចាស់ដើមវិញ។ ករណីនេះ សមត្ថកិច្ច បានឃាត់ខ្លួន និងកសាងសុំណុំរឿងអនុវត្តន៍នីតិវិធីបន្ត៕
មតិយោបល់