ភ្នំពេញៈ ជនសង្ស័យម្នាក់ជាបុគ្គលិកឥណទាន ប្រាសាក់ ព្រោះតែមានគំនុំ ខឹងទៅលើជនរងគ្រោះម្នាក់ មិនព្រមសងលុយ ក៏តាមយកកាំបិតប៉័ងតោ កាប់បម្រុងផ្តាច់ជីវិត តែត្រូវក្រុមគ្រួសារជនរងគ្រោះ ដឹកយកទៅសង្គ្រោះទាន់ ដេរចំនួន១២០ថ្នេរ ខណៈជនសង្ស័យរត់គេចខ្លួនបាន២ថ្ងៃ ត្រូវកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាន។
កើតហេតុនៅថ្ងៃទី ១២ មេសា ២០១៩ វេលាម៉ោង២៣ និង០០នាទី នៅចំណុចមុខស្ថានីយ៍ប្រេងតេលា ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យី គឹមយ៉ាន ភេទ ប្រុសអាយុ៨ឆ្នាំ មុខរបរបុគ្គលិកឥណទាន ប្រាសាក់ មានទីលំនៅភូមិថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។(ឃាត់ខ្លួនថ្ងៃទី១៤ មេសា ២០១៩ )គ្មានសារធាតុញៀនក្នុងខ្លួន។
ចំណែកជនរងគ្រោះ វឿន សុខវិរះបុត្រ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្នាមកាប់របួសផ្នែកក្បាលខាងក្រោយ ដេរចំនួន១២០ថ្នេរ ។
ប្រភពពីដដែបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ទៅរកទិញអីហូប លុះត្រលប់មកវិញ ដល់មុខស្ថានីយ៍ប្រេងតេលា ភូមិព្រៃទា១ ស្រាប់តែលេចមុខជនសង្ស័យ យកកាំបិតប៉័ងតោ តាមកាប់មកលើជនរងគ្រោះ ចំក្បាលផ្នែកខាងក្រោយ បណ្តាលឲ្យជនរងគ្រោះដួលសន្លប់ស្តូកស្តឹង ហើយជនសង្ស័យបានគេចខ្លួនបាត់ ។
បន្ទាប់មកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកទៅសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ(លោកសង្ឃ) ដេរចំនួន១២០ថ្នេរ ។
ក្រោយបង្ករួចជនសង្ស័យ រួមទាំងម៉ូតូធ្វើសកម្មភាព បានជិះរត់គេចខ្លួនទៅនៅ ភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តល ទើបសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ សហការជាមួយផ្នែកព្រហ្មទណ្ឌខណ្ឌ ចុះទៅឃាត់ខ្លួនថ្ងៃទី១៤ មេសា ២០១៩ ។
បច្ចុប្បន្នជនសង្ស័យ បាននាំមកកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើកាសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនិតិវិធី៕
មតិយោបល់