ព័ត៌មានជាតិ

រវល់ទៅផ្សារទិញម្ហូប ចោរចូលលួចទ្រព្យសម្បត្តិ តែម្ចាស់មកទាន់ ស្រែកផ្អើលដល់សមត្ថកិច្ច ឃាត់បានភ្លាមៗ

ភ្នំពេញ: ជនសង្ស័យម្នាក់ឆ្លៀតពេលស្ងាត់ភូមិ និងម្ចាស់ផ្ទះរវល់ទៅផ្សារទិញម្ហូប ក៏ចូលទៅគាស់សោទូ រើកកាយ បម្រុងលួចទ្រព្យសម្បត្តិ តែម្ចាស់ផ្ទះមកទាន់ ស្រែកផ្អើលដល់អ្នកជិតខាង ចាប់បានប្រគល់ជូនសមត្ថកិច្ច។

ហេតុការណ៍នេះ កើតទ្បើងនៅថ្ងៃទី ១៣ ខែមេសាឆ្នាំ ២០១៩វេលាម៉ោង៩ ព្រឹកនៅចំណុចផ្ទះលេខ ១១០ ផ្លូវលំឃុំភូមិគោកចំបក់ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ មិញ ស៊ូ ភេទប្រុសអាយុ ១៨ ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅ ផ្ទះជួលភូមិគោកចំបក់ សង្កាត់ចោមចៅ ១
ខណ្ឌពោធិ៍សែនជ័យ។ ចំណែក ជនរងគ្រោះឈ្មោះ ម៉ោង រីម ភេទស្រីអាយុ ៥៨ឆ្នាំមុខរបរ នៅផ្ទះស្នាក់នៅផ្ទះលេខ១១០ផ្លូវលំក្រុម ១១ ភូមិគោកចំបក់សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានចេញពីផ្ទះ ទៅផ្សាររកទិញបន្លែ ត្រី សាច់ លុះ នៅម៉ោង កើតហេតុ គាត់បានត្រលប់មកវិញ រួចបានយក បន្លែ ត្រី សាច់ យកទៅដាក់ក្នុងទូទឹកកក នៅឯខាងក្រោយផ្ទះ ស្រាប់តែឮសូរ សំទ្បេងរើកកាយ ពេលនោះគាត់ក៏ដើរចូលក្នុងផ្ទះ ស្រាប់តែឃើញជនសង្ស័យ កំពុងកកាយទូខោអាវ គាត់បានសួរថា ក្មួយឯងរកអ្វី ស្រាប់តែជនសង្ស័យឃើញគាត់ ក៏ស្ទុះរត់ ទើបគាត់ស្រែកថា ចោរៗផ្អើលដល់អ្នកជិតខាង ជួយដេញចាប់បាន ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១សួរនាំ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ឲ្យផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើកាសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនិតិវិធី៕

មតិយោបល់