សៀមរាប: កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១២ខែមេសា ឆ្នាំ ២០១៩ នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីលួចម៉ូតូ បង្កឡើងដោយជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ វ.ស.វ.ណ.រ ភេទប្រុស អាយុ២៤ឆ្នាំរស់នៅ នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចឲ្យដឹងថាម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចយក ម៉ាកSuzuki Smah Vពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខកំពង់ធំ 1L-6078 លេខតួលេខម៉ាស៊ីន២០០៨៩៨ រួចជិះគេចខ្លួន។
បន្ទាប់មកជនរងគ្រោះក៏ស្វែងរកម៉ូតូរបស់ខ្លួន ហើយប្រទះឃើញជនសង្ស័យកំពុងតែជិះ ក៏រាយការណ៍មកកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដែលកំពុងនៅតាមគោលដៅ ឲជួយអន្តរាគមន៍ឃាត់ខ្លួនបាន ភ្លាមៗនាំមកធ្វើការសាកសួរ។
តាមការសាកសួររបស់ នគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានអោយដឹងថា ជនសង្ស័យ ឈ្មោះវី ដាវីន ភេទប្រុស អាយុ២៧ឆ្នាំរស់ នៅភូមិស្រែស្ពៃ ឃុំកងជ័យស្រុកអូររាំងឪ ខេត្តកំពង់ចាម ពាក់និងករណីអំពើលួច(លួចម៉ូតូ)។
ក្រោយពេលសួរនាំជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តិដូចជនរងគ្រោះប្តឹងចោទប្រកាន់មែន។
យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះនិងចម្លើយសារភាព ជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការ តាមនិតិវិធីច្បាប់ ៕
មតិយោបល់