ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូរ៉ឺម៉ក នៅមុខបុរី សៀង ណាំ ត្រូវសមត្ថកិច្ចវាយខ្នោះ

សៀមរាប: នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៦និង០០នាទី មានករណីចោរលួចរ៉ឺម៉កចតចោលរង់ចាំដឹកភ្ញៀវ នៅមុខបុរី សៀង ណាំ ផ្លូវកែងចូលវត្តត្រាំនាគ ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ឡុង ទុក ភេទប្រុស បានចតរ៉ឺម៉កត្រង់កន្លែងកើតហេតុខាងលើ ខណៈនោះឡានក្រុងក៏មកដល់ ហើយឈប់ខាងកើតកន្លែងជនរងគ្រោះ ចតរ៉ឺម៉កប្រហែល ២០ម៉ែត្រ បន្ទាប់មកជនរងគ្រោះដើរទៅហៅភ្ញៀវ ដោយពុំបានដកកូនសោចេញពីម៉ូតូឡើយ ប្រហែល១០នាទីក្រោយមកក៏ដើរ ត្រឡប់មកវិញ ស្រាប់តែបាត់ម៉ូតូរ៉ឺម៉ក ដែលមានម៉ូត ម៉ាក ហុងដាវ៉េវ ពណ៌ក្រហម ស៊េរី ២០០១ លេខតួលេខម៉ាស៊ីន ៨០ ១៩៣៥៧ ពាក់ស្លាកលេខ សៀមរាប 1H-4801 និងរ៉ឺម៉ក ១គ្រឿង ពណ៌ស កាំបន្ទះ ពណ៌ក្រហមលាយពណ៌ផ្កាឈូក ។

ក្រោយពេលកើតហេតុ ជនរងគ្រោះមកដាក់ពាក្យបណ្ដឹង នៅប៉ុសិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម លុះដល់ថ្ងៃទី១៥ ខែ ឆ្នាំដដែល វេលាម៉ោង ១និង០០នាទី ជនរងគ្រោះប្រទះ ឃើញជនសង្ស័យ កំពុងជិះម៉ូតូរ៉ឺម៉ករបស់ខ្លួន ស្ថិតនៅលើផ្លូវ គ្រួសក្រហមក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប រួចដេញតាម និងផ្តល់ព័ត៌មានទៅនគរបាល រំពេចនោះជនសង្ស័យឈប់ ហើយរត់គេចខ្លួនចូលផ្ទះរបស់ប្រជាពលរដ្ឋ តែត្រូវបានបងប្អូនប្រជាការពារ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ និងសង្កាត់ស្លក្រាម នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការគ្នា ធ្វើការជួយអន្តរាគមន៍ រហូតឃាត់ខ្លួនជនសង្ស័យ និងដកហូតរ៉ឺម៉កម៉ូតូបានវិញ។

ជនសង្ស័យមានឈ្មោះ ពេច រ៉ូប៊ី ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរ៉ឺម៉ក របស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវតុលាការ សម្រេចឃុំខ្លួនរួចហើយ ចំណែករ៉ឺម៉កម៉ូតូ ដែលជាវត្ថុតាងដកហូតបាន នគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានក្រុងសៀមរាប ដោយមានការឯកភាពពីលោក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ប្រគល់ជូនជនរងគ្រោះប្រើប្រាស់វិញ៕

មតិយោបល់