កណ្ដាលៈ កាលពីវេលាម៉ោង ៦និង០០នាទីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនា ស្ថិតក្នុងភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះ០៣ នាក់៖ ១.ឈ្មោះ ឆុំ ភវ័ន្ត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក (របួសក្បាលផ្នែកខាងក្រោយ ០១កន្លែង) ២.ឈ្មោះ ម៉ៅ ម៉ុច ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ (របួសមុតកំភួនដៃខាងឆ្វេង) និង៣.ឈ្មោះ ម៉ៅ ម៉ាច ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ អ្នកទាំង៣នាក់ មានទីលំនៅភូមិឃុំកើតហេតុ។
ជនសង្ស័យ០២ នាក់៖ ១/ឈ្មោះ ម៉ៅ មាន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិឃុំកើតហេតុ (ឃាត់ខ្លួន) និង២/ឈ្មោះ ឆុំ ភវ័ន្ត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិឃុំកើតហេតុ។
វត្ថុតាងចាប់យក៖
– ពូថៅចំនួន ០១
– ដែកទីបមូលចំនួន ០១
ដំណើររឿង៖ ក្នុងអំឡុង ខែមីនា ឆ្នាំ២០១៩ ឈ្មោះ ឆុំ ភវ័ន្ត បានឲ្យលុយទៅឈ្មោះ ម៉ៅ ម៉ុច ចំនួន៣៥,០០០៛ ទៅទិញកង្កែបបោក
នៅឃុំព្រែកតាមាក់ តែឈ្មោះ ម៉ៅ ម៉ុច មិនបានទៅទិញកង្កែបបោកទេ គឺបានយកទៅចាយអស់។
ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ២និង០០នាទី ឈ្មោះ ឆុំ ភវ័ន្ត កំពុងអង្គុយផឹកស្រា នៅមុខផ្ទះឈ្មោះ ហេង ម៉េង ពេលកំពុងផឹកស្រាឈ្មោះ ម៉ៅ ម៉ុច បានដើរកាត់តាមនោះ ហើយឈ្មោះ ឆុំ ភវ័ន្ត បានហៅឈ្មោះ ម៉ៅ ម៉ុច មកសួរនាំរឿងលុយ និងទះក្បាលចំនួន ០៤ដៃ ឈ្មោះ ម៉ៅ ម៉ុច ឆ្លើយថា ពេលណាខ្ញុំមានលុយចាំខ្ញុំឲ្យ ហើយឈ្មោះ ម៉ៅ ម៉ុច បានដើរសំដៅមកផ្ទះខ្លួន ខណៈដើរដល់មុខផ្ទះឈ្មោះ មី សៀន ស្រាប់តែឈ្មោះ ឆុំ ភវ័ន្ត កាន់ពូថៅដើរសំដៅមកឈ្មោះ ម៉ៅ ម៉ុច សួរថា ម៉េចអ្ហែងនៅធ្វើអីទៀត ទើបបង្កឲ្យមានទំនាស់ប្រតាយប្រតបគ្នាទៅវិញទៅមក ពេលនោះឈ្មោះ ឆុំ ភវ័ន្ត យកពូថៅ វាយត្រូវកំភួនដៃ ខាងឆ្វេងរបស់ឈ្មោះ ម៉ៅ ម៉ុច បណ្តាលឲ្យមានរបួស ហើយមនុស្សនៅទីនោះ ចូលមកឃាត់បំបែក ចេញពីគ្នាដើរ ទៅផ្ទះរៀងៗខ្លួន ។
ក្រោយមកឈ្មោះ ឆុំ ឆារី ជាឪពុក និងកម្មកររបស់ឈ្មោះ ឆុំ ភវ័ន្ត ម្នាក់ទៀតដើរសំដៅទៅផ្ទះរបស់ឈ្មោះ ម៉ៅ ម៉ុច ពេលទៅដល់ឃើញឈ្មោះ ម៉ៅ ម៉ុច ឈ្មោះ ម៉ៅ មាន និងឈ្មោះ ម៉ៅ ម៉ាច ជាបងប្អូនគ្នាបង្កើតឈរនៅមុខផ្ទះ ភ្លាមនោះឈ្មោះ ឆុំ ភវ័ន្ត បានស្ទុះទៅវាយឈ្មោះ ម៉ៅ ម៉ាច ត្រូវចំមុខមួយដៃ ហើយឈ្មោះ ម៉ៅ ម៉ាច រត់ឡើងទៅលើផ្ទះ ឯឈ្មោះ ឆុំ ភវ័ន្ត ស្ទុះរត់ដេញតាមឡើងដល់កាំជណ្តើរទី៣ ឈ្មោះ ម៉ៅ មាន ទាយយកដែកបំពង់ទីប វាយឈ្មោះ ឆុំ ភវ័ន្ត មួយដែកបំពង់ទីប ត្រូវចំក្បាលផ្នែកខាងក្រោយ បណ្តាលឲ្យមានរបួសស្នាម។
ក្រោយពីកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍វិហារសួគ៌ ចុះអន្តរាគមន៍ឃាត់ខ្លួនឈ្មោះ ម៉ៅ មាន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ចំណែកឯអ្នករងរបួសត្រូវបាន បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់