សៀមរាប: សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណីលួចគ្រឿងសង្ហារិមតាមផ្ទះ បានប្រើរទេះរ៉ឺម៉ក ធ្វើសកម្មភាពចូលទៅលួចដឹកយកតុឈើ ម៉ូតធម្មជាតិ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០២និង២២នាទីរំលងអធ្រាត្រ នៅក្នុងបរិវេណបុរីសៀងណាំ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្ត សៀមរាប។
ជនសង្ស័យទី០១ ឈ្មោះ ឃន សុឃីម ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ និងទី០២ ឈ្មោះ ទិត្យ ម៉ៅ ហៅស្វិត ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ ឈិញ ឈួង ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ បានត្រួតពិនិត្យឃើញថា បាត់សម្ភារៈគ្រឿងសង្ហារិម មួយចំនួន ក៏មកឆែកមើលកាមេរ៉ា សុវត្ថិភាព ឃើញមានជនសង្ស័យចំនួន០២នាក់ ចូលលួចយកទ្រព្យសម្បត្តិរបស់គាត់ រួចក៏បានមកដាក់ពាក្យបណ្តឹង នៅនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ ។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ច បានបើកការស៊ើបអង្កេត ស្រាវជ្រាវ ដាក់ការសង្ស័យកន្លែងសិប្បកម្មកែច្នៃឈើមួយកន្លែង ដែលជារបស់ឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ហៅហួរ រួចហើយសហការគ្នា ជាមួយជនរងគ្រោះ ចុះទៅត្រួតពិនិត្យ ទើបដឹងថា ជារបស់ដែលបាត់មាននៅក្នុងទីតាំងនេះ ពិតប្រាកដមែន។
យោងតាមរូបភាពនៅក្នុងវីដេអូកាមេរាសុវត្តិភាព និងដោយមានការឯកភាពពី លោកអធិការ នគរបាលជំនាញ បាននាំខ្លួនជនសង្ស័យចំនួន ០២នាក់ មកធ្វើការសាកសួរ ពួកគេបានសារភាពថា ពិតជាបានធ្វើសកម្មភាពលួចគ្រឿងសង្ហារិមរបស់ជនរងគ្រោះប្រាកដមែន ហើយរាល់ពេលលួចបាន ជនសង្ស័យ បានយកគ្រឿងសង្ហារិម មកលក់ឲ្យឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ហៅហួរ។
ក្រៅពីករណីនេះ ជនសង្ស័យទាំងពីរបានសារភាពបន្ថែមថា ពួកគេបានធ្វើសកម្មភាពលួចជាងដប់ករណីកន្លងមកហើយ និងធ្លាប់ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់ផងដែរ ។
ផ្អែកតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពជនសង្ស័យ រួមទាំងវត្ថុតាង នគរបាលក្រុងសៀមរាប បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់