ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់កែលម្អផ្លូវជាតិលេខ១ ចាប់ពីកំណត់ផ្លូវPK០ ដល់កំណាត់ផ្លូវPK៤ (ចម្ងាយ៤គីឡូម៉ែត្រ) ដែលបានចាប់ផ្តើមសាងសង់នៅខែមេសា ឆ្នាំ២០១៥ គ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ មកដល់ពេលនេះ ការសាងសង់កែលម្អនេះសម្រេចបាន៦០ភាគរយហើយ។
ការសាងសង់ផ្លូវនេះ ជួបឧបសគ្គ និងបញ្ហាប្រឈមសំខាន់ៗជាច្រើនដូចជា៖ ការកកស្ទះចរាចរណ៍ ដែលបង្កឡើងដោយរថយន្តធ្វើដំណើរលើកំណត់ផ្លូវនេះប្រមាណពី២,០០០គ្រឿងទៅ៣,០០០គ្រឿងក្នុងមួយថ្ងៃ ការពន្យារពេលក្នុងការរំកិលផ្ទះនានាដែលរងផលប៉ះពាល់ពីគម្រោងធ្វើឲ្យយឺតយ៉ាវដល់ការដកបង្គោលខ្សែបញ្ជូនអគ្គិសនី និងការកកស្ទះចរាចរណ៍ ដែលបង្កឡើងដោយរថយន្តតាក់ស៊ីចតខុសច្បាប់និងរថយន្តដឹកទំនិញផ្សេងទៀតផងដែរ។
ក្រសួងសាធារណការ និងដឹកជញ្ជូនសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងឡាយដែលមានការអត់ធ្មត់ យោគយល់អធ្យាស្រ័យចំពោះការធ្វើដំណើរយ៉ាងលំបាកលើកំណត់ផ្លូវនេះ ក្នុងអំឡុងពេលកំពុងសាងសង់។
នៅពេលកំណត់ផ្លូវនេះត្រូវបានការកែលម្អធ្វើឲ្យប្រសើរឡើងនូវកំណត់ផ្លូវជាតិលេខ១នេះ នឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនដល់ប្រជាពលរដ្ឋរបស់យើង ដែលបានខិតខំប្រឹងប្រែងតស៊ូជួបការលំបាកនាពេលកន្លង។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រីក៏បានជំរុញឲ្យម្ចាស់លំនៅឋាននានា ដែលមិនបានសហការជាមួយ និងអាជ្ញាធរ ខិតខំសហការឲ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីងាយស្រួលក្នុងការសាងសង់ផ្លូវនេះបានយ៉ាងរលូន៕
មតិយោបល់