កោះកុងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តកោះកុង ដោយមានការចូលរួមសហការពីសមត្ថកិច្ចចម្រុះ និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពី គុណភាព សុវត្ថិភាពម្ហូបអាហារ ធ្វើតេស្តបឋមលើ៖ ដើមស្លឹកគ្រីណាន់ សណ្តែកគួរ ជ្រក់ស្ពៃ សណ្តែកបណ្តុះ គ្រឿងសមុទ្រ ងៀតបបែល និងងៀតត្រីឆ្លាម ក្នុងផ្សារដងទង់ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។
ជាលទ្ធផលមន្ត្រីជំនាញរកឃើញងៀតបបែល និងងៀតសាច់ត្រីឆ្លាម ចំនួន ៨,៨ គីឡូក្រាម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់(បូរ៉ាក់) ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ស្នើសុំគោលការណ៍កម្ទេចចោលនៅពេលក្រោយ និងឲ្យម្ចាស់ទំនិញខាងលើធ្វើកិច្ចសន្យា បញ្ឈប់ការលក់ក្នុងរូបភាពណាមិនប្រក្រតីបន្តទៀត។
បន្ទាប់មក មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ អាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់