ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់ គ្មានលិខិតឆ្លងដែន

ភ្នំពេញៈ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ មានជនជាតិចិនឈ្មោះ FANG JIE ភេទស្រី អាយុ ៧១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E60124285 ចូលមកប្រទេសកម្ពុជានៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានមកកាន់ស្នាក់ការអន្តោប្រវេសន៍ ស្ថិតនៅផ្ទះលេខ១៣ ផ្លូវលេខ១៥៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ សុំឲ្យសមត្ថកិច្ចជួយបញ្ជូនកូនប្រុស របស់គាត់ឈ្មោះ LIU ZHIQIANG ភេទប្រុស អាយុ ៤៤ឆ្នាំ ទៅប្រទេសចិនវិញ ដើម្បីព្យាបាលជំងឺសរសៃប្រសាទ (សតិមិនប្រក្រតី)។

ក្រោយមកកំម្លាំងការិយាល័យ បានធ្វើការសាកសួរដឹងថា ស្រ្តីជាម្ដាយបានបាត់កូនប្រុស រយៈពេល ២ឆ្នាំមកហើយ បន្ទាប់ពីមានគេប្រាប់គាត់ថា ឃើញកូនប្រុសរបស់គាត់នៅភ្នំពេញ រហូតដល់ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៩ ស្រ្តីជាម្ដាយបានមកដល់ប្រទេសកម្ពុជា ហើយថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ទើបគាត់រកឃើញកូនប្រុសគាត់ ហើយគាត់បាននាំកូនទៅលេងខេត្តសៀមរាប រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ពួកគាត់បានមកដល់ភ្នំពេញវិញ និងបានទៅសុំលិខិតបើកផ្លូវនៅស្ថានទូតចិន ដើម្បីឲ្យកូនប្រុសគាត់ត្រឡប់ទៅប្រទេសចិនវិញ។

ប៉ុន្តែរូបគេគ្មានលិខិតឆ្លងដែន ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្ត៕

មតិយោបល់