ព្រះសីហនុៈ បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ កន្លងផុតទៅ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ មន្រ្តីកាំកុងត្រូលសាខាខេត្តព្រះសីហនុ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារម្តុំមហោស្រព និងផ្សារលក់តាមផ្ទះពីផ្លូវអូរ១ ដល់ អូរ៥ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញការដាក់តាំង ទំនិញវេចខ្ចប់ស្រាប់ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ នៅផ្សារទំនើបចិន វ័នជាឡឹ រួមមាន៖ នំកញ្ចប់ចិនម៉ាក ៣៦៩ ចំនួន ១៤កញ្ចប់ និងភេសជ្ជៈកំប៉ុង ១៣កំប៉ុង សរុបចំនួន ៩,២០ គីឡូក្រាម ។
មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូត និងស្នើសុំគោលការណ៍កម្ទេចចោលនៅពេលក្រោយ រួចឲ្យម្ចាស់ទំនិញខាងលើធ្វើកិច្ចសន្យា បញ្ឈប់ការលក់ក្នុងរូបភាពណាមិនប្រក្រតីបន្តទៀត ក្នុងថ្ងៃដដែលនោះ មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់