ភ្នំពេញៈ យុវជន២នាក់ ជិះម៉ូតូហុងដាឌ្រីម ធុនសេ១២៥ មួយគ្រឿង តាមបណ្ដោយផ្លូវបេតុង ក្បែរវត្តអង្គតាមិញ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ជាប់របងកងវិស្វកម្ម៩៩ ក៏លេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង តាមមកពីក្រោយបើកកៀរឲ្យដួលរួចដកកាំភ្លើងវ៉ៃមួយស្នាប់ និងបាញ់១គ្រាប់ បណ្ដាលឲ្យចំស្មាខាងស្ដាំរងរបួសធ្ងន់ និងម្នាក់ទៀត របួសស្រាល រួចប្លន់យកម៉ូតូទៅបាត់ កាលពីម៉ោង១០៖១០នាទី យប់ថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃឹម អូន ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបកម្មករសំណង់ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិនាងវាំង ស្រុកបារាយណ៍ ខេត្តកំពុងធំ និងម្នាក់ទៀតឈ្មោះ ខៃ ប្រសិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា និងមានស្រុកកំណើតនៅស្រុកកងជ័យ ខេត្តកំពង់ស្ពឺ។
បើតាមជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ រូបគេ និងមិត្តភក្ដិបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1H-4225 ចេញពីមន្ទីរពេទ្យគុន្ធបុប្ផា មកពីមើលបងប្អូនឈឺ រួចក៏ត្រឡប់មកផ្ទះវិញ ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿងមួយម៉ាក ស្គុបពី មិនចាំស្លាកលេខ និងមួយគ្រឿងទៀត មិនស្គាល់ម៉ាក បានជិះមកពីក្រោយកៀរផ្ដួល ឈានដល់ការប្រតាយប្រតប់ ទើបជនសង្ស័យបានដកកាំភ្លើងវាយទៅលើជនរងគ្រោះមួយស្នាប់កាំភ្លើងចំក និងបាញ់១គ្រាប់ត្រូវចំស្មា បណ្ដាលឲ្យរងរបួសធ្ងន់ និងម្នាក់ទៀត រងរបួសស្រាល ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យជិះគេចខ្លួនដោយសុវត្ថភាព។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ រីឯជនរងគ្រោះម្នាក់ទៀត បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីស្រាវរកមុខសញ្ញាតាមចាប់ខ្លួនយកមកផ្ទន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់