បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស បានកើតឡើងនៅចំណុចក្រុមទី១០ ភូមិសាំរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងបណ្តាលឲ្យជនរងគ្រោះមួយក្រុមរងរបួសធ្ងន់ស្រាល៥នាក់។
លោកវរសេនីយ៍ទោ សុខ.សារិន អធិការនគរបាលស្រុកបវេល បានរាយការណ៍អោយដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង២០នាទី ដោយជនសង្ស័យមួយក្រុមមានគ្នាពី៦ទៅ៧នាក់ បានធ្វើសកម្មភាពប្រើប្រាស់ដំបង និងដាវសាំមូរ៉ៃ វាយទៅលើជនរងគ្រោះមួយក្រុម កំពុងអង្គុយនៅតូបកាត់សក់ឈ្មោះ ឈឿប.ម៉ី ភេទប្រុស អាយុ២៥ឆ្នាំ បណ្តាលអោយរបួសចំនួន៥នាក់ ។
លោកអធិការនគរបាលស្រុកបវេលបានឲ្យដឹងទៀតថា ជនរងគ្រោះដែលរងរបួសរួមមាន ៖ ១.ឈ្មោះ ម៉ាប់.ទុំ ភេទប្រុស អាយុ២៣ឆ្នាំ ភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ចំកជើងខាងឆ្វេង (របួសធ្ងន់) ២.ឈ្មោះ សំ.កឿន (ត្រា) ភេទប្រុស អាយុ២៦ឆ្នាំ ភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ចំជង្គង់ខាងឆ្វេង (របួសធ្ងន់) ៣.ឈ្មោះ ព្រឹត.វិរះ ភេទប្រុស អាយុ២៧ឆ្នាំ ភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ចំត្រចៀកខាងឆ្វេង (របួសស្រាល) ៤.ឈ្មោះ ព្រឹត.ណារិន ភេទប្រុស អាយុ ២១ឆ្នាំ ភួមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ចំកំភួនជើងខាងឆ្វេង (របួសស្រាល) និង៥.ឈ្មោះ ឆន.ផា ភេទស្រី អាយុ ៤៧ឆ្នាំ ភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ចំស្មាខាងឆ្វេង (របួសស្រាល)។
ក្នុងករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល បានបង្ក្រាបចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ុន.កែវ ភេទប្រុស អាយុ៣៥ឆ្នាំ ភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ ចំពោះមូលហេតុ គឺបណ្តាលមកពីជនសង្ស័យនិងជនរងគ្រោះមានគំនុំគុំគួននឹងគ្នា ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់