ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនហុងដា ទុកម៉ូតូប្រហែសឲ្យចោរលួច ស្រែកឆោឡោ ផ្អើលពលរដ្ឋនិងសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូម៉ាកស្កុបពីរបស់បុគ្គលិកក្រុមហ៊ុនហុងដា មួយគ្រឿង បានសម្រេច ព្យាយាមបើកម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវបានជនរងគ្រោះជាម្ចាស់ម៉ូតូតាមទាន់ ស្រែកឆោឡោ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ច ដេញចាប់ឃាត់ខ្លួនបាន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង០០នាទី រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងមុខវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើនេះ មានឈ្មោះ អុល កៀន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរចុងភៅហាង ស្នាក់នៅផ្ទះជួលនៅម្តុំអតីតរោងកុនគីរីរម្យ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូត មានម៉ូតូម៉ាក ស្កុបពី ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FK-5848 ចំនួន០១ គ្រឿង ដែលជាម៉ូតូរបស់ជនរងគ្រោះ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលជាបុគ្គលិករបស់ក្រុមហ៊ុន ហុងដា ដែលមានទីតាំងនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានចតម៉ូតូរបស់ខ្លួនទុកចោលដោយភ្លេច ដកកូនសោរចេញពីម៉ូតូរបស់ខ្លួន ខណៈនោះ ស្រាប់តែមាន ជនសង្ស័យខាងលើ បានដើរមកដល់រួចឡើងជិះម៉ូតូជនរងគ្រោះគេចខ្លួនតែម្តង ប៉ុន្តែត្រូវបានបុគ្គលិកដែលធ្វើការជាមួយនិងជនរងគ្រោះបានឃើញ ក៏ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាជិះម៉ូតូដេញតាមរហូតមកដល់ចំនុចខាងលើ ក៏តាមទាន់និងចាប់ខ្លួនបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវតែម្តង។ ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើនេះ បានសារភាពសថា ខ្លួនពិតជាធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ចូនខ្លួនជនសង្ស័យទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីឃុំខ្លួនបណ្តោះអាសន្ន។ ចំណែកឯម៉ូតូដែលសមត្ថកិច្ចដកហូតពីជនសង្ស័យបាន ពេលនេះសមត្ថកិច្ចបានប្រគល់ទៅឲ្យជនរងគ្រោះជាម្ចាស់វិញហើយ៕

មតិយោបល់