ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការ

ភ្នំពេញៈ វេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយមួយស្តីពី “លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ នឹងការគ្រប់គ្រងមន្រ្តីរាជការ” ជូនមន្រ្តីរាជការគ្រប់អង្គភាពទាំងថ្នាក់កណ្តាលថ្នាក់មូលដ្ឋាន និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបចំនួនប្រមាណ១៥០រូប។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីលោកមអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកនាយកវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកតំណាងក្រសួងមុខងារសាធារណៈជាវាគ្មិនកិត្តិយស។

ជាកិច្ចចាប់ផ្តើម លោក មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះអង្គពិធី និងបានបញ្ជាក់ឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈបានសហការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះ ជូនមន្រ្តីរាជការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងផ្សព្វផ្សាយឲ្យបានជ្រួតជ្រាបនូវខ្លឹមសារនៃលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា សម្រាប់ពង្រឹងការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងឲ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការអនុវត្តកម្មវិធីជាតិកែទម្រង់សាធារណៈឆ្នាំ ២០១៥-២០១៨។

ថ្លែងនៅក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវលក្ខណៈសម្បត្តិបួនប្រការគឺៈ (១).ទឹកចិត្តបម្រើការងារមោះមុត (២).មានភក្តីភាព (៣).ផ្តោតលើសេវា និង (៤).គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលមន្រ្តីរាជការសាធារណៈគ្រប់រូប ចាំបាច់ត្រូវប្រកាន់ខ្ជាប់ជាប្រចាំ។ ក្នុងន័យនេះ លោកបានដាស់តឿនដល់មន្រ្តីរាជការគ្រប់រូបនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ឱ្យចូលរួមកាន់តែសកម្មក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ, លើកកម្ពស់តម្លាភាព, ភាពឆ្លើយតបនិងការពង្រឹងឆន្ទៈម្ចាស់ការ, ភក្តីភាព, មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ ក្នុងការបំពេញការងារក្នុងអាជីពជាមន្រ្តីរាជការស៊ីវិល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ “បម្រើប្រជាជនឲ្យបានកាន់តែប្រសើរឡើង”។

លើសពីនេះ លោករដ្ឋលេខាធិការក៏បានគូសបញ្ជាក់ផងដែរថា មន្រ្តីរាជការរបស់យើងចាំបាច់គឺត្រូវបន្តពង្រឹង និងពង្រីកសមត្ថភាព, ចំណេះដឹង និងចំណេះធ្វើជាដរាប តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល, ការស្រាវជ្រាវ និង ការស្វែងយល់ នូវចំណេះដឹងថ្មីៗលើមុខជំនាញបច្ចេកទេស ស្របតាមបរិបទការងារ ពិសេស ចំពោះបទប្បញ្ញតិ្ត និង លិខិតបទដ្ឋានគតិយុត្ត ដែលត្រូវបានដាក់ឱ្យអនុវត្តថ្មីៗ និងជាបន្តបន្ទាប់ ។ ការយល់ដឹងអំពីបទដ្ឋានគតិយុត្ត គឺជាមូលដ្ឋានចម្បងសម្រាប់ជំរុញតម្លាភាព, គណនេយ្យភាព, និងការឆ្លើយតបបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និង ស្របតាមគោលការណ៍នីតិរដ្ឋ។

ទន្ទឹមនោះ លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បានណែនាំឲ្យអង្គភាពទាំងអស់ដែលទទួលបន្ទុកគ្រប់គ្រងបុគ្គលិកមន្រ្តីរាជការ ព្រមទាំងសាមីមន្រ្តីរាជការ ត្រូវពង្រឹងនិងបង្កើនស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារ និងចូលរួមអនុវត្តនីតិវិធីក្នុងការគ្រប់គ្រងវត្តមានមន្រ្តីរាជការឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្ត, សេចក្តីសម្រេច និង គោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកបណ្ឌិតរដ្ឋលេខាធិការបានផ្តាំផ្ញើ និងលើកទឹកចិត្តដល់សមាជិកសមាជិការនៃកិច្ចប្រជុំទាំងមូល សូមយកចិត្តទុកដាក់ចំពោះខ្លឹមសារនៃគ្រប់បទឧទ្ទេសនាមនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ និង ចូលរួមពិភាក្សា ផ្លាស់ប្តូរមតិយោបល់ឲ្យបានសកម្ម និងផុលផុស សំដៅរួមចំណែកជំរុញដល់ការលើកកម្ពស់ការយល់ដឹង គណនេយ្យភាព និង ការទទួលខុសត្រូវរបស់ខ្លួនសម្រាប់គ្រប់អង្គភាព ក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រង, តាមដានត្រួតពិនិត្យ និង វាយតម្លៃមន្រ្តីរាជការ ឱ្យបានទៀងទាត់ ដើម្បីធានាបាននូវនិរន្តរភាពការងារ និងស្ថាប័ន និងលើកកម្ពស់មនសិការវិជ្ជាជីវៈ សុខុមាលភាពមន្រ្តីរាជការស៊ីវិល និង សមិទ្ធកម្ម ក្នុងការផ្តល់សេវារដ្ឋបាលសាធារណៈ ឆ្លើយតបទៅនឹងតម្រូវការ, សំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន៕

មតិយោបល់