ព័ត៌មានជាតិ

Update៖ បុរសបរទេសម្នាក់ មិនដឹងមានវិបត្តិអ្វី បានលោតពីលើអាគារខុនដូរ «ឌាយមិនវ័ន» ស្លាប់ នៅមជ្ឈមណ្ឌលកោះពេជ្រ

ភ្នំពេញៈ បុរសជនជាតិបរទេសម្នាក់ មិនដឹងមានវិបត្តិអ្វី ស្រាប់តែលោតសម្លាប់ខ្លួនពីលើអាគារខុនដូរ «ឌាយមិនវ័ន» ដែលមានកម្ពស់ជាច្រើនជាន់ កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះ (សព) មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ សង្ស័យជាជនជាតិចិន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិបរទេសម្នាក់ មិនដឹងមានរឿងអ្វីនោះទេ ស្រាប់តែបានលោតពីលើអាគារខុនដូរខាងលើ ធ្លាក់ដល់ដីបណ្ដាលឲ្យស្លាប់ ភ្លាមៗនៅនិងកន្លែងកើតហេតុ។

ក្រោយហេតុការគេសង្កេតឃើញលោកអធិការខណ្ឌចំការមន និងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងមានរថយន្តដឹកសពមួយគ្រឿង បើកទៅខាងក្នុងផងដែរ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវករណីនេះ ចំណែកសាកសព ត្រូវបានដឹកយកទៅដម្កល់ទុកក្នុងវត្តស្ទឹងមានជ័យ រងចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់