ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ ត្រូវម៉ូតូបុក ក្រទ្បាប់ផ្ងារជើង ចាក់ការុងស្រូវពេញផ្លូវ ស្លាប់ និងរបួសធ្ងន់ ២នាក់

កំពង់ធំ: កាលពីវេលាម៉ោង ២១និង៣០នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ លើកំណាតផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១០៩-១១០ ភូមិរពាក់ពេន ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្តក្នុងដំណើរច្រាស់ទិសគ្នា បណ្តាលឲ្យស្លាប់មនុស្សម្នាក់ (ប្រុស) របួសធ្ងន់ម្នាក់ (ស្រី) ខូចខាតម៉ូតូ និងរថយន្ត ២គ្រឿង។

ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CY-4814 ធ្វើដំណើរពីត្បូងទៅជើងបើកបរដោយឈ្មោះ មឿន មុយ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិជីវភាព ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក (ពាក់មួកសុវត្ថិភាព)។

រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-4910 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ចាម 4A-0230 ដឹកស្រូវ ទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ ឡុន សុភ័ក្រ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរអ្នកបើករថយន្ត មានទីលំនៅភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ គេចខ្លួនបាត់ រួមដំណើរជាមួយឈ្មោះ អេង សុខរ័ត្ន ភេទស្រី អាយុ ១៩ឆ្នាំ ជាប្រពន្ធអ្នកបើករថយន្ត (របួសធ្ងន់)។

មូលហេតុបឋម៖ បង្កដោយអ្នកបើកបរទាំងពីរ បើកបរមិនប្រកាន់ស្តាំ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះធ្វើការវាស់វែងយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចំណែករថយន្ត នៅកន្លែងកើតហេតុ សពត្រូវបានប្រគល់ ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់