ព័ត៌មានជាតិ

ខឹងគេប៉ាតម្សៅស្រីកំណាន់ យកវត្ថុរឹងវាយបុរសម្នាក់ របួសយ៉ាងដំណំ

ពោធិ៍សាត់ៈ ក្មេងទំនើងម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រ នៅចំណុចក្នុងវត្ត ស្ថិតនៅភូមិទួលធ្មារ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយពេលចូលឆ្នាំរយៈ ០៣ថ្ងៃបានបញ្ចប់ទៅហើយនោះ គេសង្កេតឃើញថា ការលេងកម្សាន្តនៅតាមបណ្តាវត្តមួយចំនួនក្នុងស្រុកបាកាន នៅតែបន្តពីថ្ងៃទី១៧ ដល់ទី១៩ខែមេសាទើបចប់។

ដោយនៅមុនថ្ងៃកើតហេតុកំលោះ ក្រមុំ កូនអ្នកស្រុកនាំគ្នាលេងប៉ាតម្សៅ ខណៈប៉ាតចុះប៉ាតឡើងជនរងគ្រោះ បានប៉ាតម្សៅចំទៅលើស្រីកំណាន់ជនសង្ស័យ ធ្វើឲ្យនាងខឹងមិនពេញចិត្ត ក៏ទៅប្រាប់ប្រុសស្នេហ៍ខ្លួន ឮដូចនេះ ជនសង្ស័យ បានដើរសំដៅទៅរកជនរងគ្រោះ ដោយយកវត្ថុរឹង ទៅវាយលើជនរងគ្រោះជាច្រើនកន្លែង បណ្តាលឲ្យរងរបួស យ៉ាងដំណំ បង្កការផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ នាំខ្លួនជនដៃដល់ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្តោល ដើម្បីធ្វើការសួរនាំ ។

ជនសង្ស័យឈ្មោះ សំ វាសនា ហៅជើម ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិទួល ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។ រីឯជនរងគ្រោះ ឈ្មោះ ថេង ថាវ ភេទប្រុស អាយុ ២១ឆ្នាំរស់នៅភូមិរបងរមាស ឃុំបឹងបត់កណ្ដោល រងរបួសបែកក្បាល ។

ក្រោយពីសួរនាំជនសង្ស័យសារភាពថា ខ្លួនប្រចណ្ឌជនរងគ្រោះ និងគូស្នេហ៍ ទើបខឹងហើយធ្វើបែបនេះតែម្ដង ចំពោះករណីនេះ ភាគីសងខាងបានសម្រួលដោះស្រាយវិវាទ ចប់ដោយសតិវិធីនៅប៉ុស្តិ៍នគរបាលរដ្ឋបាល មិនមានការគុំគួនគ្នានោះឡើយ៕

មតិយោបល់