ព័ត៌មានជាតិ

ជាងភ្លើង ជិះម៉ូតូលឿនបុករថយន្ត បណ្ដាលឲ្យស្លាប់

កណ្ដាលៈ បុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូ មានរថយន្តមួយគ្រឿងបើកឆ្លងផ្លូវ ជាន់ហ្វ្រាំងមិនទាន់ បានបុកពេញទំហឹង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវបំបែកជាបួនផ្សារថ្នល់ទទឹង លើកំណាត់ផ្លូវជាតិលេខ០៤ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

សមត្ថកិច្ចស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ូ ខឿន ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរជាងភ្លើង ជិះម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1K-2582 ចំណែករថយន្តមិនស្គាល់ម៉ាក និងអន្តសញ្ញាណ ក្រោយកើតហេតុបានរត់បាត់ស្រមោល។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ មានរថយន្តខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ លុះបើកមកដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះក៏មានម៉ូតូមួយគ្រឿងបើកយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត បុករថយន្តខាងលើពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍ស្រុកអង្គស្នួល ចុះដល់ទីតាំងខាងលើ រួចធ្វើការពិនិត្យវាស់វែង យកម៉ូតូជនរងគ្រោះ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ស្រាវជ្រាវរករថយន្តខាងលើ ចាត់ការតាមនីតិវិធីច្បាប់ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់