ភ្នំពេញៈ បុរសម្នាក់ បានបើកម៉ូតូមួយគ្រឿងបត់ត្រឡប់ ក្រោយមិនប្រយ័ត្ន ក៏ត្រូវម៉ូតូកង់បីមួយគ្រឿង ជិះដោយបុរស ៩នាក់ ចាប់ហ្វ្រាំងមិនជាប់ជ្រុល ទៅបុកបណ្តាលម៉ូតូកង់បីក្រឡាប់ផ្ងារជើងម្ខាង ជះមនុស្សពេញថ្នល់ រងរបួសធ្ងន់ស្រាល១០នាក់។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង១០ និង៥៥នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខសួនកម្សានវត្តធឺផាក តាមបណ្តោយផ្លូវសហពន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្កែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បានបើកម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1HK-9877 ធ្វើដំណើរទិសដៅពីលិច ទៅកើតលុះមកដល់ចំណុចកើតខាងលើ បានបត់ឆ្វេងដៃត្រឡប់ក្រោយ មិនប្រយ័ត្នខណៈនោះ ក៏មានម៉ូតូកង់បីមួយគ្រឿង ពណ៌ខៀវគ្មានស្លាកលេខ ជិះដោយបុរស៩នាក់ បញ្ច្រាសទិសដៅគ្នា ពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូ បណ្តាលម៉ូតូកង់បីក្រឡាប់ផ្ងារជើងម្ខាង ជះមនុស្សពេញថ្នល់ របួសធ្ងន់៤នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ ភ្លាមៗចំណែក៥នាក់ រួមនិងម្ចាស់ម៉ូតូម្នាក់រងរបួស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទាក់ទងជំនាញ ចុះមកធ្វើការវាស់វែង យកម៉ូតូកង់បី និងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មតិយោបល់