ព័ត៌មានជាតិ

ខឹងទុកខ្លួនចោល ហើយទៅជួបស្រីស្នេហ៍បាត់ វាយបែកពាងទឹកអស់១ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ឧត្តរមានជ័យៈ នៅវេលាម៉ោង៧ និង ២៩នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ មានករណីឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ខាត់ ប៊ុនថង ភេទប្រុស អាយុ២៣ឆ្នាំ ពាក់ព័ន្ធនឹងករណីវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃមួយ នៅភូមិដូនកែនសែនជ័យ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ច បានឲ្យដឹងថា ការឃាត់ខ្លួននេះ ដោយយោងតាមបណ្ដឹងពីជនរងគ្រោះឈ្មោះ គង់ លាន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ថា មានករណីវាយបំផ្លាញទ្រព្យសម្បត្តិរបស់គាត់។ ​

ក្រោយទទួលបានដំណឹងភ្លាម កម្លាំងសមត្ថកិច្ចនគរបាល បានចុះដល់កន្លែងកើតហេតុ និងឃាត់ជនសង្ស័យខាងលើតែម្ដង។

នៅចំពោះមុចសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានវាយពាងទឹករបស់ឈ្មោះគង់ លានបែក០១ប្រាកដមែន។

មូលហេតុ៖ ខឹងជនរងគ្រោះឌុបខ្លួនទៅលេងផ្ទះ ទុកខ្លួនចោល ហើយជនរងគ្រោះទៅជួបស្រីស្នេហ៍បាត់ ធ្វើឲ្យជនសង្ស័យខឹង ទើបវាយបំបែកពាងទឹករបស់ជនរងគ្រោះតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕

មតិយោបល់