ព្រៃវែងៈ នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង ដោយមានការចូលរួមសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារព្រែកសណ្តែក ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១៤ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរ ខេត្តព្រៃវែង។
ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញធ្វើការវិភាគបឋមទៅលើម្ហូបអាហារចំនួន ៣មុខ ស្មើនឹង ៥គំរូរួមមាន៖ ត្រីប្រាសំយ៉ុង ត្រីប្រម៉ា និងសាច់ក្រក ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាមួយគ្នានោះ មន្ត្រីជំនាញបានត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។
ជាលទ្ធផល មន្ត្រីជំនាញរកពុំឃើញ មានវត្តមានសារធាតុគីមីហាមឃាត់ទេ ក៏ប៉ុន្តែបានរកឃើញ និងដកហូតភេសជ្ជ:ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១៤០ដបស្មើនឹង ៣៨គីឡូក្រោម។
បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ម្ចាស់ទំនិញធ្វើកិច្ចសន្យាផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់នូវផលិត ផលម្ហូបអាហារទំនិញហួសថ្ងៃកំណត់ប្រើប្រាស់ និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលក៏បានពន្យល់ផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឲ្យយល់ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវាផងដែរ ៕
មតិយោបល់