ព័ត៌មានជាតិ

រថយន្តសាលាបង្រៀនបើកបរនិម្មិតមានជ័យ បុកគ្រូបង្រៀននៅវិទ្យាល័យកូបម្នាក់ស្លាប់ និងមានអ្នករងរបួស

បន្ទាយមានជ័យ: នៅវេលាម៉ោង ៧និង ១៥នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសាលាបង្រៀនបើកបរនិម្មិតមានជ័យ បុកម៉ូតូ២គ្រឿង បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ២នាក់ លើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចបង្គោលចន្លោះគីឡូម៉ែត្រលេខ ៣៧៩-៣៨០ នៅភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ។

ជនរងគ្រោះឈ្មោះ សយ សុភាព អាយុ៤៤ឆ្នាំ ភេទប្រុស មុខរបរ គ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា នៅវិទ្យាល័យកូប ស្នាក់នៅភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ស្លាប់) បើកបរម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1A 4249 ធ្វើដំណើរពីលិចទៅកើត។

រថយន្តម៉ាកកាម៉ារី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E 4696 ធ្វើដំណើរច្រាស់ទិសគ្នា អ្នកបើករថយន្ត គឺជាគ្រូបង្រៀន សាលាបង្រៀនបើកបរនិម្មិតមានជ័យ ឈ្មោះ តើម សុខសាន្ត អាយុ៣៦ឆ្នាំ ភេទប្រុស រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សមត្ថកិច្ច​ បានឲ្យដឹងថា នៅមុនកើតហេតុ រថយន្តខាងលើ បានបើកបរពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានវ៉ារថយន្តមួយគ្រឿង ក្នុងស្ថានភាពគ្រោះថ្នាក់ ក៏ជ្រុលទៅបុកម៉ូតូម៉ាកវីវ៉ា បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ រួចបន្តបុកម៉ូតូមួយគ្រឿងទៀត ម៉ាកវេវ សណ្តោងរ៉ឺម៉ក បើកបរដោយឈ្មោះ ឡាំ ឡាវី អាយុ៤០ឆ្នាំ ភេទប្រុស នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របួសភ្លៅខាងឆ្វេងធ្ងន់ ធ្វើដំណើរពីលិចទៅកើត និងអ្នករួមដំណើរ (ប្រពន្ធ) ឈ្មោះ សែន កែស អាយុ២៨ឆ្នាំ ភេទស្រី រស់នៅភូមិគុត្តសត ឃុំគុត្តសត របួសស្រាល ។

ភ្លាមៗផងដែរ ជនរងគ្រោះ ត្រូវបានដឹកទៅសង្រ្គោះ នៅមន្ទីរពេទ្យ ។ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែកវត្ថុតាងម៉ូតូ និងរថយន្ត ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំធ្វើការដោះស្រាយពេលក្រោយ ។ ចំពោះអ្នកបើករថយន្តបង្ក សមត្ថកិច្ច បានឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការផ្លូវច្បាប់៕

មតិយោបល់