ភ្នំពេញៈ បន្ទាប់ពីការស្រាវជ្រាវ ចប់សព្វគ្រប់ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចដាក់ពិន័យបញ្ឈរជើងអធិការរងនគរបាលខណ្ឌដង្កោម្នាក់ និងមន្ដ្រីនគរបាលចំនួន ២រូប នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធបណ្ដឹងរបស់មន្ដ្រី ACU។
យោងតាមពាក្យបណ្តឹងរបស់លោក ឃឹម ខុម អាយុ៦៤ឆ្នាំ មុខរបរ ជាមន្ត្រីកិច្ចសន្យា នៃអង្គភាពប្រឆាំងអំពើពុករលួយ ស្នាក់នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បានឲ្យដឹងថា មន្រ្តីនគរបាលខណ្ឌដង្កោមួយក្រុម ដឹកនាំដោយអធិការរងម្នាក់ បានប្រើហិង្សាព្រួតវាយយ៉ាងខ្លាំងលើរូបគាត់ ដោយសារតែការច្រឡំ ករណីគ្រោះថ្នាក់ចរាចរណ៍។
ករណីនេះ បានកើតឡើងនៅវេលាម៉ោង៨ យប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
ដោយក្នុងបណ្ដឹង ជនរងគ្រោះបានចោទទៅលើមន្រ្តីនគរបាលចំនួន ៥នាក់ ក្នុងនោះអធិការរងម្នាក់មានឈ្មោះ នាក់ ណារ៉ូ និងមន្រ្តីនគរបាលប៉ុស្តិ៍ដង្កោ ៤រូបផ្សេងទៀត៕
មតិយោបល់