ព័ត៌មានជាតិ

ងោកមួយភាំង បើករថយន្ត ទៅប៉ះខឿនផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ញារជើង របួសមនុស្ស ២នាក់

ភ្នំពេញ: នៅវេលាម៉ោង៤ ជិតភ្លឺឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បើកក្រឡាប់ផ្ងារជើងឡើងលើ ស្ថិតត្រង់ចំណុចកុងស៊ីកាប់ជ្រូកនៅ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ១.៥តោនកន្លះ ដឹកមាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7487 រួមដំណើរជាមួយស្រ្តីម្នាក់ អ្នកទាំងពីរ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណទេ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកយ៉ាងលឿនពីកើតទៅលិច តាមបណ្ដោយផ្លូវវែងស្រេង មកដល់កន្លែងកើតហេតុ តៃកុងងោកមួយភាំង បានរ៉េចង្កូតមកខាងឆ្វេងដៃ ប៉ះខឿនពុះចែកផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ញារជើង តៃកុងរងរបួស និងស្រ្តីរួមដំណើររងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ចំណែកអ្នករងរបួស ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់